អង្គការសុខភាពពិភពលោក(WHO) និយាយនៅថ្ងៃពុធនេះថា យុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងនៅភាគខាងជើងតំបន់ហ្កាហ្សា ត្រូវបានផ្អាកដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ការជម្លៀសខ្លួនទ្រង់ទ្រាយធំ និងកង្វះខាតការចូលដល់គ្រឿងវេជ្ជសាស្រ្ត ។
ដំណាក់កាលផ្តាច់ព្រ័ត្រ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃពុធនេះ ដោយមានគោលដៅផ្តល់វ៉ាក់សាំងដល់កុមារជាង ១១៩.០០០នាក់ នៅដែនដីបិទច្រកប៉ាឡេស្ទីនមួយនេះ ដែលស្ថិតក្រោមការឡោមព័ទ្ធអស់រយៈជាង ១ឆ្នាំមកហើយ ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមជីវពលហាម៉ាស់លើអ៊ីស្រាអែល ។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ(UN)មួយនេះ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ស្ថានភាពបច្ចុប្បន្ន រួមទាំងការវាយប្រហារកំពុងកើតឡើងលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលធ្វើឲ្យគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់ពលរដ្ឋ ហើយនិងការបំលាស់ទីនៅតំបន់ភាគខាងជើងហ្កាហ្សានោះ ធ្វើឲ្យគ្រួសារមិនអាចនាំកូនៗរបស់ពួកគេមកទទួលវ៉ាក់សាំងបាន ហើយក្រុមការងារសុខភាព ក៏ពុំអាចធ្វើការបានដូចគ្នា ។ ពួកគេបានអំពាវនាវជាថ្មីម្តងទៀតឲ្យមានបទឈប់បាញ់ ។
សូមបញ្ជាក់ថា យុទ្ធនាការផ្តល់វ៉ាក់សាំងជំងឺស្វិតដៃជើង បានចាប់ផ្តើមកាលពីថ្ងៃទី ១ ខែកញ្ញា ក្រោយ WHO បញ្ជាក់កាលពីខែសីហាថា ទារកម្នាក់បានខ្វិនដៃជើងដោយសារវីរុសជំងឺស្វិតដៃជើង ដែលជាករណីលើកដំបូងក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ៕


