រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅថ្ងៃពុធ (ទី២៣ ខែតុលា) នេះ បាននិយាយថា លោកមិនបានឃើញនោះឡើយពីភស្តុតាង ដែលបង្ហាញថា មានលេណដ្ឋានផ្ទុកសាច់ប្រាក់ពេញរបស់ក្រុមហេសបូឡា ដែលត្រូវបានសាងសង់នៅក្រោមមន្ទីរពេទ្យ ក្នុងទីក្រុងបេរូត ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តធ្វើការជាមួយអ៊ីស្រាអែល ដើម្បីទទួលបានការដឹងពីព័ត៌មានឲ្យកាន់តែប្រសើរជាងនេះ។
គួរបញ្ជាក់ថា យោធាអ៊ីស្រាអែលបានប្រាប់ថា ក្រុមហេសបូឡាបានលាក់ទុកសាច់ប្រាក់រាប់រយលានដុល្លារ និងមាស នៅក្នុងលេណដ្ឋានដែលសាងសង់នៅក្រោមមន្ទីរពេទ្យ ក្នុងទីក្រុងបេរូត ដោយបន្ថែមថា ខ្លួននឹងមិនវាយប្រហារអគារនេះទេ ខណៈដែលខ្លួននៅតែបន្តការវាយប្រហារលើទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់ក្រុមនេះ។
លោក Austin បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីថា៖ «យើងមិនបានឃើញពីភស្តុតាងដែលបញ្ជាក់ពីការលើកឡើងនេះទេ នាពេលនេះ។ ប៉ុន្តែអ្នកដឹងទេ យើងនឹងបន្តសហការជាមួយសមភាគីអ៊ីស្រាអែលរបស់យើង ដើម្បីទទួលបានភាពស្មោះត្រង់ឲ្យកាន់តែប្រសើរជាងនេះ ជុំវិញអ្វីដែលពួកគេកំពុងរុករក»។
សមាជិកសភាលីបង់របស់គណបក្ស Shi'ite Amal Movement និងជានាយកមន្ទីរពេទ្យ Al-Sahel ដែលស្ថិតក្នុងការសង្ស័យនេះ គឺលោក Fadi Alameh បានប្រាប់សារព័ត៌មាន Reuters ថា អ៊ីស្រាអែលកំពុងតែអះអាងមិនពិត និងបង្កាច់បង្ខូចឈ្មោះមន្ទីរពេទ្យ ហើយបានអំពាវនាវឲ្យកងទ័ពលីបង់ទៅត្រួតពិនិត្យ ដើម្បីបង្ហាញថា ទីនេះមានតែបន្ទប់វះកាត់ អ្នកជំងឺ និងកន្លែងដាក់សពប៉ុណ្ណោះ៕


