ក្រុមគ្រូពេទ្យបឋម និងក្រុមអ្នកស្រុក និយាយថា នៅថ្ងៃពុធនេះ ពលរដ្ឋហ្កាហ្សារាប់ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីទីក្រុង Beit Lahia ទៅកាន់ទីក្រុងហ្កាហ្សា ស្របពេលដែលកងកម្លាំងអ៊ីស្រាអែល បង្កើនការឡោមព័ទ្ធតំបន់ភាគខាងជើងនៃដែនដីបិទច្រកប៉ាឡេស្ទីនមួយនេះ ឡោមព័ទ្ធមន្ទីរពេទ្យ និងជម្រកជនភៀសខ្លួន ហើយនិងបញ្ជាឲ្យពលរដ្ឋធ្វើដំណើរទៅទិសខាងត្បូង ។
កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការនៅតំបន់ភាគខាងជើងហ្កាហ្សាកាលពីរយៈពេលប្រហែល ៣សប្តាហ៍មុន ជាមួយនឹងគោលដៅការពារក្រុមសកម្មប្រយុទ្ធហាម៉ាស់ពីការបង្កើតក្រុមជីវពលរបស់ពួកគេឡើងវិញ ។
ប្រតិបត្តិការរបស់ពួកគេកាន់តែខ្លាំងក្លាឡើង ចាប់តាំងពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក Yahya Al-Sinwar កាលពីរយៈពេល ១សប្តាហ៍មុន ។
អ្នកនាង Lina Issam Abu Nada គឺជាពលរដ្ឋហ្កាហ្សាជម្លៀសខ្លួនមួយរូបរត់ភៀសខ្លួនចេញពីទីក្រុង Beit Lahia និយាយថា គាត់បានរត់ភៀសខ្លួនចេញពីការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានៅទីក្រុង Beit Lahia ទុក្ករបុគ្គល និងសាកសព បានរាយប៉ាយគ្រប់ទីកន្លែងនៅលើដី ។ ពួកយើងមិនដឹងថាគួរត្រូវទៅកន្លែងណាទៀតនោះទេ ។
អ៊ីស្រាអែល មានតែបង្កើនការវាយប្រហាររបស់ពួកគេ ជាពិសេសនៅតំបន់ភាគខាងជើងហ្កាហ្សា ជាទីដែលពួកគេនិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ កំពុងព្យាយាមបង្កើតក្រុមឡើងវិញនៅតាមអគាបាក់បែកដែលស្ថិតក្នុងចំណោមគោលដៅវាយប្រហារដំបូងរបស់ពួកគេ កាលពីឆ្នាំមុន ។
យោធាអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ពួកគេបានបញ្ជូនអង្គភាពកងទ័ពមួយបន្ថែមទៀត ទៅកាន់ទីក្រុង Jabalia ដែលស្ថិតនៅជ្រោយខាងជើងតំបន់ហ្កាហ្សា ។
ក្រុមអ្នកស្រុក និយាយថា ទាហានបានឡោមព័ទ្ធជម្រកស្នាក់នៅ បង្ខំឲ្យពលរដ្ឋជម្លៀសខ្លួនចាកចេញ ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និយាយថា មនុស្សយ៉ាងហោច ៦៥០ ត្រូវបានសម្លាប់ ចាប់តាំងពីការវាយប្រហារថ្មីរបស់អ៊ីស្រាអែល ចាប់ផ្តើម ។
មនុស្សយ៉ាងហោច ២០នាក់ ត្រូវបានគេរាយការណ៍ថាបានសម្លាប់នៅក្នុងការវាយប្រហាររបស់យោធាអ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សានាថ្ងៃពុធនេះ ក្នុងនោះមនុស្ស ១៨នាក់ បានស្លាប់នៅតំបន់ភាគខាងជើង ៕