មណ្ឌលគិរី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចធិបតី៖ កត្តាសន្តិភាពនៅតែជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់ទីកន្លែង។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ រយៈពេល៥០០ឆ្នាំមកនេះ ប្រទេសកម្ពុជា ទើបអាចរកបាននូវសន្ដិភាពពេញលេញនៅឆ្នាំ ១៩៩៨ ក្រោមការដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។ ហើយដើម្បីឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន និងអាចរក្សាសន្ដិភាពបានសម្ដេចតេជោ បានដាក់ចេញនូវយុទ្ធសាស្រ្ដត្រីកោណ យុទ្ធសាស្រ្ដចតុកោណ និងខិតខំរក្សាសន្ដិភាពរហូតប្រទេសមានការអភិវឌ្ឍមកដល់បច្ចុប្បន្ននេះ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់តំបន់អភិវឌ្ឍន៍ក្នុងក្របខណ្ឌត្រីកោណCLV គឺជាការដាក់ដើម្បីអភិវឌ្ឍន៍ប្រទេស ជំរុញការអនុវត្តនៅតំបន់ភូមិភាគឦសាន្ត មិនមែនដាក់តំបន់អភិវឌ្ឍន៍នេះ ដើម្បីកាត់ខេត្តឲ្យប្រទេសណាមួយនោះឡើយ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់ឡើងវិញថា រយៈពេល២៥ឆ្នាំមកនេះ កម្ពុជាមិនដែលធ្វើការអភិវឌ្ឍណាមួយឱ្យបាត់បង់ទឹកដីនោះទេ។ប៉ុន្ដែក្រុមអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូច នៅតែបន្តលើកឡើងបំភ្លៃការពិត ដើម្បីតែកេងចំណេញនយោបាយរបស់ពួកគេ លើកិច្ចសហប្របត្តិការអភិវឌ្ឍខេត្តភូមិភាគឦសាននេះ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី សម្ដែងការសោកស្ដាយចំពោះក្រុមអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេស ដែលបំភ្លៃការពិត ញុះញង់ពលរដ្ឋពាក់ព័ន្ធនឹងកិច្ចសហប្របត្តិការអភិវឌ្ឍ កម្ពុជា ឡាវ វៀតណាម ឈានទៅបង្កើតចលនាផ្ដួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ខណៈកិច្ចសហប្រតិបត្តិការនេះ ពេលឯកភាពនៅក្នុងរដ្ឋសភាពួកគេក៏មានវត្តមានក្នុងនោះដែរ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការបំផុសរឿង CLV-DTA គឺអាចបំផុសឱ្យខ្មែរបែកបាក់ផ្ទៃក្នុង ដែលនេះ គឺជាចេតនាដ៏អាក្រក់របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក ខណៈដែលកម្ពុជាខិតខំយ៉ាងលំបាក ដើម្បីស្វែងរកសន្ដិភាពជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ថ្លែងថា ផ្លែផ្កានៃសន្តិភាពបច្ចុប្បន្ន គឺបានមកដោយសារការពលីជីវិតរបស់បងប្អូនកងទ័ព និងវីរជនស្នេហាជាតិជាច្រើនរូប ដូច្នេះយើងរួមគ្នាការពារសន្តិភាពនេះ ឲ្យបានកុំឲ្យបាត់បង់ ដោយសារការញុះញង់របស់ជនអគតិមួយចំនួនតូចនោះ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលបាន នឹងកំពុងដាក់ចេញនូវគោលនយោបាយទឹកជាច្រើនកន្លែងនៅទូទាំងប្រទេស ដើម្បីឈានទៅការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ស្រោចស្រពឱ្យបានគ្រប់គ្រាន់។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី អំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានទៅស្គាល់ខេត្តភូមិភាគឦសាន សូមអញ្ជើញទៅទស្សនា ស្វែងយល់ខេត្តភាគឦសានកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីស្វែងយល់ពីការអភិវឌ្ឍ និងការតភ្ជាប់ខេត្តដែលរាជរដ្ឋាភិបាលបានធ្វើ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ទឹកគឺជាធនធានដ៏សំខាន់សម្រាប់មនុស្ស ក្នុងន័យនេះ ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព គឺមានសារៈសំខាន់ណាស់នៅក្នុងសង្គម ដូច្នេះសមិទ្ធផលទំនប់អាងទឹកថ្មីនេះនឹងចូលរួមលើកកម្ពស់ផ្គត់ផ្គង់ធនធានទឹកដល់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ណែនាំធ្វើការសិក្សាដើម្បីសាងសង់ស្ពានបាឡេ ជូនប្រជាពលរដ្ឋចំនួន២ភូមិ ស្ថិតនៅក្នុងស្រុកលំផាត់ ដែលមានប្រជាពលរដ្ឋកំពុងរស់នៅជិតមួយម៉ឺននាក់ ខណៈបច្ចុប្បន្នមានការលំបាកឆ្លងទឹកទៅមក។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាឱ្យអាជ្ញាធរខេត្ត និងសមត្ថកិច្ច ត្រូវស្រាវជ្រាវរកមេខ្យល់ដែលបំផុសបំផុលពលរដ្ឋឱ្យទៅចាប់ដីខុសច្បាប់ នៅខេត្តមណ្ឌលគិរី។
