ក្រុមគ្រូពេទ្យ និងអ្នកស្រុកបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្កាហ្សា បានសម្លាប់មនុស្សចំនួន ៤២នាក់ កាលពីថ្ងៃពុធ (២៣ តុលា) ខណៈកងកម្លាំងអ៊ីស្រាអែល បានបង្កើនការឡោមព័ទ្ធផ្នែកភាគខាងជើងនៃតំបន់ប៉ាឡេស្ទីនមួយនេះ ជុំវិញមន្ទីរពេទ្យ និងជំរកជនភៀសខ្លួន ហើយបានបញ្ជាឱ្យប្រជាជនធ្វើដំណើរភៀសខ្លួនឆ្ពោះទៅភាគខាងត្បូង។

ក្រសួងសុខាភិបាលហ្កាហ្សា និងអង្គការសុខភាពពិភពលោក និយាយថា ពួកគេមិនអាចចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើងនៅភាគខាងជើងហ្កាហ្សា ដូចដែលគ្រោងទុកបានទេ ដោយសារតែការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា ការភៀសខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់ និងកង្វះលទ្ធភាពចូលទៅកាន់ទីតាំងមួយចំនួន។

កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការនៅភាគខាងជើងប្រហែល ៣សប្តាហ៍មុន ជាមួយនឹងគោលបំណងដែលបានប្រកាសថារារាំងក្រុមយុទ្ធជនហាម៉ាស មិនឱ្យប្រមូលផ្តុំគ្នាឡើងវិញ។ ប្រតិបត្តិការនេះកាន់តែខ្លាំងក្លាឡើងចាប់តាំងពីការសម្លាប់ប្រមុខក្រុមហាម៉ាស លោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Al-Sinwar) កាលពីមួយសប្តាហ៍មុន។

យោធាអ៊ីស្រាអែល ប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ខ្លួនបានបញ្ជូនអង្គភាពកងទ័ពមួយផ្សេងទៀតទៅកាន់ជំរំ ចាបាលីយ៉ា (Jabalia) នៅលើចុងភាគខាងជើងហ្កាហ្សា។ អ្នកស្រុកនិយាយថា ទាហានបានឡោមព័ទ្ធទីជម្រក ដោយបង្ខំឱ្យជនភៀសខ្លួនចាកចេញ ខណៈឃាត់ខ្លួនបុរសជាច្រើននាក់។ ក្រសួងសុខាភិបាលហ្កាហ្សានិយាយថា មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ចាប់តាំងពីការវាយលុកថ្មីនេះបានចាប់ផ្តើមមក៕