យោងតាមការចុះផ្សាយរបស់សារព័ត៌មានThe Hill លោកស្រីអនុប្រធានាធិបតីKamala Harris កំពុងនាំមុខអតីតប្រធានាធិបតីលោកTrumpត្រឹម២%ក្នុងការស្ទង់មតិថ្មីមួយនៅទូទាំងប្រទេស។

ការស្ទង់មតិពីសាកលវិទ្យាល័យ Massachusetts Amherst បានរកឃើញថាលោកស្រី Harris ទទួលបានការគាំទ្រ៤៤%ទល់នឹងលោកTrump៤២%។ ២%បាននិយាយថាពួកគេនឹងគាំទ្រ បេក្ខជនផ្សេងទៀត ៦%បាននិយាយថាពួកគេមិនប្រាកដអំពីជម្រើសរបស់ពួកគេទេ ហើយ៦%បាននិយាយថាពួកគេប្រហែលជាមិនទៅបោះឆ្នោតទេ ។
ចំណែកការស្ទង់មតិថ្មីដោយក្រុមហ៊ុនHarrisx/Forbe Survey ដែលបានចេញផ្សាយកាលពីថ្ងៃពុធ សប្ដាហ៍នេះដែរ បង្ហាញថាលោក Trump នាំមុខលោកស្រី Harris ២% គឺ ៥១%ទល់នឹង៤៩%ទូទាំងប្រទេសក្នុងចំណោមអ្នកទំនងជាអ្នកបោះឆ្នោត រួមទាំងអ្នកដែលមានទំនោរទៅរកបេក្ខជនមួយរូបក្នុងចិត្តរួចទៅហើយ។

គិតមកទល់នឹងពេលនេះ នៅសល់ពេលវេលាមិនដល់ជាងពីរសប្តាហ៍ទៀតទេ ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ នឹងចូលមកដល់ ក្រោយរដូវកាលយុទ្ធនាការដ៏ច្របូកច្របល់ដែលបង្ហាញពីបេក្ខជនគណបក្សសំខាន់មួយរូបបានដកខ្លួន និងការប៉ុនប៉ងធ្វើឃាតលោកTrumpចំនួនពីរលើក។
ការរកឃើញអត្រាប្រជាប្រិយភាពផ្សេងទៀតនៅក្នុងការស្ទង់មតិ រួមមានអ្នកឆ្លើយសំណួរចំនួន ៧នាក់ ក្នុងចំណោម១០ នាក់ និយាយថាពួកគេព្រួយបារម្ភអំពីភាពចលាចលក្រោយការបោះឆ្នោត។ ក្នុងចំណោមនោះ ២៩ %បាននិយាយថាពួកគេមាន ការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលនិយាយអំពី លទ្ធភាពនៃអំពើហិង្សាទាក់ទងនឹងការបោះឆ្នោតនៅឆ្នាំនេះ ហើយ៤២%បាននិយាយថាពួកគេ មានការព្រួយបារម្ភខ្លះៗដែរ៕