ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ (២៣ តុលា) ថា កងកម្លាំងទីក្រុងមូស្គូ បានវាយដណ្តើមយកភូមិ សេរ៉េព្រីអានកា (Serebrianka) និង មីកូឡាអ៊ីវកា (Mykolaivka) ក្នុងតំបន់ ដូណិត (Donetsk) ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ខណៈប្លុកយោធាបានរាយការណ៍ពីការវាយរុលយ៉ាងលឿនរបស់រុស្ស៊ី នៅជិតទីប្រជុំជនជួរមុខសំខាន់ៗ។

យោធាអ៊ុយក្រែន មិនបានទទួលស្គាល់ថាភូមិទាំងពីរនោះបានធ្លាក់ក្នុងដៃរបស់រុស្ស៊ីទេ ប៉ុន្តែបាននិយាយថា តំបន់ទាំងពីរនៃជួរមុខរងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។ ក្រុមសរសេរប្លុករបស់ភាគីទាំងសងខាងបានរាយការណ៍ពីការវាយរុញរបស់រុស្សីយ៉ាងខ្លាំងក្លានៅលើទីប្រជុំជន សេលីដូវ៉េ (Selydove)។

អគ្គសេនាធិការអ៊ុយក្រែននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយបកវិញរាល់ការវាយប្រហាររបស់រុស្សីទាំង ១២លើក ដែលធ្វើឡើងនៅក្នុងតំបន់ជុំវិញភូមិ Serebrianka នៅខាងក្នុងព្រំដែនភាគខាងជើងនៃតំបន់ Donetsk។ អ៊ុយក្រែនបន្តថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានគ្របដណ្ដប់ទីប្រជុំជននានានៅលើផ្លូវទៅកាន់ក្រុង ផុករ៉ូវ (Pokrovsk) ដែលជាទីក្រុងដឹកជញ្ជូនដ៏សំខាន់បន្ទាប់ ដែលរុស្ស៊ី វាយរុញឥតឈប់ឈរឆ្ពោះទៅភាគខាងលិចក្នុងតំបន់ Donetsk។

ប្លុកយោធាអ៊ុយក្រែនដ៏ពេញនិយម ឌីបស្តេត (DeepState) បាននិយាយថា កងទ័ពអ៊ុយក្រែនកំពុងប្រឈមមុខនឹងបញ្ហាដ៏លើសលប់ក្នុងការការពារតំបន់ Selydove ដែលស្ថិតនៅភាគនិរតីភូមិ Mykolaivka។ ការទទួលបានតំបន់ Selydove នឹងត្រួសត្រាយផ្លូវសម្រាប់ការវាយរុលបន្ថែមទៀតរបស់រុស្ស៊ី នៅទីក្រុង Pokrovsk៕