រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានព្រមានកាលពីថ្ងៃពុធ (២៣ តុលា) ថា ការបរាជ័យរបស់អ៊ីស្រាអែល ក្នុងការការពារជនស៊ីវិល និងតួលេខអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នៅតំបន់ហ្កាហ្សា អាចបង្កើតឱ្យមានប្រតិកម្មរើបម្រះបន្តជំនាន់ និងការបង្កើតក្រុមបះបោរប្រឆាំងអ៊ីស្រាអែលបន្ថែមទៀតនាពេលអនាគត ដែលនោះនឹងតាមលងបន្លាចអ៊ីស្រាអែលគ្មានថ្ងៃបញ្ចប់។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងរ៉ូម លោក Austin សង្កត់ធ្ងន់ថា លោកបានលើកឡើងពីតម្រូវការដោះស្រាយបញ្ហាមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរឡើងរបស់ជនស៊ីវិលហ្កាហ្សា នៅរាល់ការពិភាក្សាទាំងអស់ជាមួយសមភាគីអ៊ីស្រាអែល។

ការវាយប្រហាររបស់ក្រុមហាម៉ាស លើទីក្រុងនានារបស់អ៊ីស្រាអែល នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ខ្លួនប្រហែល ២៥០នាក់ បាននាំឱ្យមានប្រតិបត្តិការយោធាសងសឹកពីអ៊ីស្រាអែល លើដែនដីហ្កាហ្សា ដោយការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤២.៥០០នាក់ ហើយមានអ្នកស្លាប់ចំនួន ១០.០០០នាក់ផ្សេងទៀតត្រូវបានគេគិតថាស្ថិតនៅក្រោមគំនរបាក់បែក នេះបើតាមតួលេខរបស់ក្រសួងសុខាភិបាលហ្កាហ្សា។

ក្រៅពីការបំផ្លិចបំផ្លាញដ៏ធំ ពលរដ្ឋហ្កាហ្សាប្រឈមនឹងកង្វះខាតស្បៀងអាហារ ទឹក ប្រេងឥន្ធនៈ ឱសថ និងការថែទាំវេជ្ជសាស្រ្តត្រឹមត្រូវ។ អាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល លើកឡើងថាខ្លួនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកម្ចាត់ក្រុមហាម៉ាសនេះ ប៉ុន្តែលិខិតសម្ងាត់មួយរបស់លោក Austin និងរដ្ឋមន្ត្រីការបរទេស លោក Antony Blinken ទៅកាន់មន្ត្រីអ៊ីស្រាអែលកាលពីសប្តាហ៍មុន បានទាមទារឱ្យមានវិធានការជាក់ស្តែងដើម្បីដោះស្រាយស្ថានការណ៍មនុស្សធម៌ បើមិនដូច្នេះទេអ៊ីស្រាអែល អាចនឹងត្រូវប្រឈមការរឹតបន្តឹងជំនួយយោធារបស់អាមេរិក៕