សង្រ្គាមបច្ចេកវិទ្យារវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន នឹងនៅតែអាចឡើងកម្ដៅកាន់តែខ្លាំង មិនថាលោក Donald Trump ឬលោកស្រី Kamala Harris ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី០៥ ខែវិច្ឆិកា នោះទេ ដោយខាងបក្សប្រជាធិបតេយ្យ ទំនងជានឹងចេញច្បាប់ថ្មីដែលកំណត់គោលដៅកាន់តែខ្លាំង ហើយលោក Trump ក៏នឹងប្រើវិធីសាស្រ្តតម្រង់ទៅរកគូប្រជែង។

កិច្ចខិតខំប្រឹងប្រែងថ្មីៗដើម្បីពន្យឺតលំហូរនៃបន្ទះឈីបមិនសូវទំនើបរបស់ចិន រថយន្តឆ្លាតវៃ និងការនាំចូលផ្សេងទៀតទៅកាន់សហរដ្ឋអាមេរិក ត្រូវបានរំពឹងទុក រួមជាមួយនឹងការទប់ស្កាត់បន្ថែមទៀតលើឧបករណ៍ផលិតបន្ទះឈីបធម្មតា និងបន្ទះឈីប AI ដែលមានតម្លៃខ្ពស់ ក៏កំពុងតម្រង់ទៅកាន់ចិនដែរ នេះបើយោងតាមអតីតមន្ត្រីមកពីរដ្ឋបាលលោក Joe Biden និងលោក Donald Trump អ្នកជំនាញខាងឧស្សាហកម្ម និងប្រភពជិតស្និទ្ធនឹងយុទ្ធនាការប្រធានាធិបតី។

នៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនសម្រាប់តំណែងសេតវិមាន បេក្ខភាពបក្សប្រជាធិបតេយ្យ លោកស្រី Harris បាននិយាយថាលោកស្រីនឹងធ្វើឱ្យប្រាកដថា “អាមេរិកឈ្នះការប្រកួតប្រជែងនៅសតវត្សទី២១ មិនមែនចិននោះទេ” ខណៈបេក្ខជនមកបក្សសាធារណរដ្ឋ លោក Trump បានដាក់ការដំឡើងពន្ធដ៏ខ្ពស់មិនធ្លាប់មាន ដែលរួមបញ្ចូលទាំងការប្រជែងវឌ្ឍនភាពបច្ចេកវិទ្យាជាមួយចិន។

សរុបមក សង្រ្គាមដើម្បីទប់ស្កាត់ប្រភពថវិកា និងបច្ចេកវិទ្យារបស់អាមេរិក មិនឱ្យជំរុញសមត្ថភាពយោធា និងបញ្ញាសិប្បនិមិត្តរបស់ចិន គឺត្រូវកំណត់ថានឹងនៅតែក្ដៅគគុក ទោះជាអ្នកដឹកនាំសហរដ្ឋអាមេរិកបន្ទាប់ជាលោកស្រី Harris ឬលោក Trump ក៏ដោយ។ កាលពីខែមុន ទីក្រុងវ៉ាស៊ីនតោន បានស្នើច្បាប់ទប់ស្កាត់រថយន្តដែលផលិតដោយគ្រឿងបន្លាស់របស់ចិន ខណៈច្បាប់មួយផ្សេងទៀតត្រូវបានអនុម័តនៅនិទាឃរដូវនេះ ដែលនិយាយថាក្រុមហ៊ុនមេនៅចិន របស់កម្មវិធីវីដេអូខ្លី TikTok ត្រូវតែលក់អេប (App) នេះនៅឆ្នាំក្រោយ បើមិនដូចន្នេះទេនឹងត្រូវបានហាមឃាត់៕