ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិន បាននិយាយថា ភ្នាក់ងារចារកម្មបរទេសជាច្រើនបាននឹងកំពុងព្យាយាមលួចការណ៍សម្ងាត់ពីកម្មវិធីអវកាសរបស់ទីក្រុងប៉េកាំង ខណៈការប្រណាំងសព្វាវុធក្នុងលំហអាកាសកាន់តែខ្លាំងក្លាឡើង និងបានក្លាយជា “សមរភូមិប្រយុទ្ធសម្រាប់យោធា”។

ក្រសួងបាននិយាយនៅក្នុងការបង្ហោះលើគណនី វីឆាត (Wechat) ផ្លូវការរបស់ខ្លួនកាលពីថ្ងៃពុធ (២៣ តុលា) ថា ប្រព័ន្ធការពារសុវត្ថិភាពអវកាសបានក្លាយជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការរស់រានមានជីវិត និងការអភិវឌ្ឍន៍នាពេលអនាគតរបស់ចិន។ ក្រសួងលើកឡើងថា “ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសលោកខាងលិចមួយចំនួនបានបង្កើតកងកម្លាំងប្រយុទ្ធក្នុងលំហ អនុវត្តការជំរុញសមត្ថភាពអវកាស ហើយថែមទាំងបានចាត់ទុកចិន ជាគូប្រជែងដ៏សំខាន់នៅក្នុងវិស័យអវកាស”។

ភ្នាក់ងារចារកម្មបរទេសក៏បានធ្វើការចាប់សញ្ញាពីចម្ងាយប្រឆាំងនឹងចិន តាមរយៈផ្កាយរណបដែលមានភាពជាក់លាក់ខ្ពស់ក្នុងបំណងដើម្បីសង្កេត និងលួចការណ៍សម្ងាត់របស់ទីក្រុងប៉េកាំង តាមលំហអាកាស។ ចិនមិនបានដាក់ឈ្មោះប្រទេសជាក់លាក់ណាមួយឡើយ ប៉ុន្តែនិយាយថា ប្រទេសមួយចំនួនបាន “ធ្វើសកម្មភាពជ្រៀតចូល និងលួចនៅក្នុងវិស័យអវកាសរបស់ចិន”។

ផ្កាយរណបដែលមានភាពជាក់លាក់ខ្ពស់ បានក្លាយជាចំណុចផ្តោតសំខាន់ក្នុងសង្គ្រាមសម័យទំនើប ជាមួយនឹងសារៈសំខាន់របស់ប្រព័ន្ធទាំងនេះបានបង្ហាញនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលរូបភាពថតបានពីផ្កាយរណបយ៉ាងជាក់លាក់ និងលម្អិត ផ្តល់នូវប្រយោជន៍យ៉ាងច្រើនក្នុងសមរភូមិ៕