ក្រសួងមុខងារសាធារណៈ និងទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានសហការរៀបចំសិក្ខាសាលារួមគ្នា ស្ដីពី ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធទីស្ដីការគណៈរដ្ឋមន្ត្រី។
ក្រសួងមុខងារសាធារណៈ បានបន្តសហការជាមួយក្រសួងស្ថាប័ន ក្នុងការរៀបចំសិក្ខាសាលាស្ដីពី ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ។ ជាក់ស្ដែងនៅថ្ងៃនេះ ក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំ ដោយ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសហការជាមួយទីស្ដីការគណៈរដ្ឋមន្ត្រីក្រោមការដឹកនាំ ដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការរៀបចំ សិក្ខាសាលារួមគ្នា ស្ដីពី ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធទីស្ដីការគណៈរដ្ឋមន្ត្រី។
ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជារឿងថ្មីនោះទេ តែជាការបន្តអនុវត្តការងារក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ន នីមួយៗ គឺជាម្ចាស់នៃការងារនេះ សំដៅដល់ការសម្រេចគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.រ.រ.) មានភារកិច្ចជាអ្នកជួយសម្របសម្រួល តាមដានការអនុវត្ត និងផ្តល់ការគាំទ្រទាំងក្របខណ្ឌបច្ចេកទេស ឬការបំពេញបន្ថែមនានាតាមការចាំបាច់ ស្របតាមតម្រូវការរបស់ក្រសួង ស្ថាប័ននីមួយៗ ក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ។
សិក្ខាសាលានេះ ជាផ្នែកមួយនៃការចុះជួបតាមបណ្តាក្រសួង ស្ថាប័ន ចំនួន៩ រួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌, ក្រសួងសុខាភិបាល, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបជាមួយក្រសួងស្ថាប័ននីមួយៗ ត្រូវបានរៀបចំឡើងដោយមានបញ្ចូល បទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈចំនួនពីរ រួមជាមួយការរៀបចំវេទិកាសម្រាប់កិច្ចពិភាក្សា សួរសំណួរ និងផ្លាស់ប្តូរយោបល់។ ការធ្វើបទបង្ហាញផ្តោតលើ ការបង្ហាញវឌ្ឍនភាពការងារ និងស្ថានភាពបឋម នៃការពិនិត្យ ឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន និង ការរៀបចំ និងការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌនៃ ការកែទម្រង់ និងពង្រឹងអភិបាលកិច្ច។
ជាជំហានដំបូងនេះ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ គឺអនុវត្តនៅថ្នាក់ជាតិ ដោយក្រសួង-ស្ថាប័ន ទាំងអស់ ត្រូវតែវិភាគមុខងារ ដើម្បីឈានទៅបញ្ចប់ការត្រួតមុខងារ។ ក្រសួង-ស្ថាប័ន ដែលខកខាន រឺមិនបានធ្វើការវិភាគមុខងារ គឺគ្មានសិទ្ធិក្នុងការជ្រើសរើសមន្ត្រីថ្មីជាដាច់ខាត៕ អត្ថបទ៖ គឹមហុក



