មានការព្រួយបារម្ភកាន់តែខ្លាំងនៅក្នុងបក្សប្រជាធិបតេយ្យ ដែលថាតំណែងប្រធានាធិបតី២០២៤នេះ អាចនឹងរបូតចេញពីដៃរបស់លោកស្រីអនុប្រធានាធិបតី Kamala Harris។

ប្រាកដណាស់ គណបក្សប្រជាធិបតេយ្យនៅតែគិតថាលោកស្រី Harris អាចផ្ដួលអតីតប្រធានាធិបតីលោកDonald Trump បាន ។ គម្លាត គឺនៅប្រកៀកប្រកិតគ្នាខ្លាំងណាស់ក្នុងរដ្ឋមានភាពប្រទាញប្រទង់គ្នាទាំង៧ ដែលទំនងជានឹងសម្រេចសេចក្ដីក្នុងការប្រកួតប្រជែងកៅអីសេតវិមាន។

ក្នុងពេលជាមួយគ្នានេះដែរ គណបក្សប្រជាធិបតេយ្យ កំពុងសម្តែងការព្រួយបារម្ភជាលក្ខណៈឯកជនថា ការស្ទង់មតិនៅតាមបណ្ដារដ្ឋប្រទាញប្រទង់ ទំនងជារំកិលទៅរកទិសដៅរបស់លោក Trump ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។
យោងតាមរបាយការណ៍នយោបាយ Cook (Political Report) ការគាំទ្រមិនពេញលេញនៅក្នុងរដ្ឋខៀវរបស់បក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋ Michigan រដ្ឋ Pennsylvania និង Wisconsin កំពុងចាប់ផ្តើមរីកធំហើយ ដោយមានសមាជិកព្រឹទ្ធសភាទាំងនៅរដ្ឋ Pennsylvania ទាំងនៅក្នុង Wisconsin ឥឡូវនេះកំពុងប្រកួតប្រជែងគ្នាយ៉ាងប្រកៀកប្រកិត។

រដ្ឋភាគខាងជើងទាំងបី ជាទូទៅប្រែប្រួលក្នុងទិសដៅដូចគ្នាក្នុងការប្រជែងតំណែងប្រធានាធិបតី ប៉ុន្តែលោកស្រី Harris បាននឹងកំពុងចាញ់លោក Trump នៅក្នុងការស្ទង់មតិ ជាពិសេសនៅក្នុងរដ្ឋ Wisconsin ។ នៅរដ្ឋ Michigan មន្ទិលក្នុងចំណោមអ្នកបោះឆ្នោតអាមេរិកអារ៉ាប់ កំពុងបារម្ភសម្រាប់ជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យ។
គ្មានអ្វីមួយកំពុងធ្វើឱ្យក្រុមអ្នកប្រជាធិបតេយ្យមានអារម្មណ៍ធូរស្រាលក្នុងចិត្តសម្រាប់ថ្ងៃបោះឆ្នោត ដែលនៅសល់មិនដល់ពីរសប្តាហ៍ទៀតនោះឡើយ ខណៈលោកTrump និងលោកស្រី Harris កំពុងសម្រុកធ្វើយុទ្ធនាការពោពេញដោយសង្រ្គាមពាក្យសម្ដីវាយប្រហារគ្នាយ៉ាងក្ដីគគុក៕