ភ្នំពេញ ៖ កុមារ យុវវ័យ ប្រជាពលរដ្ឋ ព្រះសង្ឃ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានសម្រុកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ និងដូសទី៣ នៅមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ដើម្បីបង្កើនភាពស៊ាំងទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩។
លោកវេជ្ជបណ្ឌិត ឃុន ទ្រី អនុប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ តំណាងលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានឲ្យដឹងថា យុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនកុមារ បានធ្វើឡើងចាប់ពីថ្ងៃទី០៨ ខែតុលា និងសម្រាប់ប្រជាពលរដ្ឋ ព្រះសង្ឃមកទទួលការចាក់វ៉ាក់សាំងដូសទី៣ គឺចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១១ និងពេលរសៀលម៉ោង១៤ ដល់ម៉ោង១៧។ ដំណើរការចាក់វ៉ាក់សាំងនេះ គឺក្រុមការងារគ្រូពេទ្យបានបែងចែកជា២ទីតាំងផ្សេងគ្នា នៃការចាក់វ៉ាក់សាំងដូសទី២ ជូនកុមារ នៃផ្នែកក្រោយអគារ A និងចាក់វ៉ាក់សាំងដូសទី៣ នៃផ្នែកអគារចក្ខុរោគ សម្រាប់មនុស្សចាស់ នៅក្នុងមូលដ្ឋានសង្កាត់ទាំង៨ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ទន្ទឹមគ្នានោះដែរ ព្រះសង្ឃ និងប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ និងមានការចូលរួមចាក់វ៉ាក់សាំងពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញពីកី្តរំភើបពេញចិត្តជាទីបំផុត នៅពេលប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានអនុញ្ញាតឲ្យទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ សូមថ្លែង អំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែលបានយកវ៉ាក់សាំងមកចាក់ជូនកុមារ យុវវ័យ និងប្រជាពលរដ្ឋ ដើម្បីការពារកុំឲ្យមានការឆ្លងមេរោគកូវីដ-១៩ទៀត។
ជាចុងក្រោយលោកវេជ្ជបណ្ឌិត ឃុន ទ្រី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានជំងឺ មិនថាជំងឺអ្វីនោះទេ សូមអញ្ជើញមកទទួលសេវាពិនិត្យ ព្យាបាលនៅក្នុងមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ។
ប្រសិនបើសង្ស័យពិសេសថា មានជំងឺកូវីដ-១៩ ពួកគាត់អាចមកធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយក្រុមគ្រូពេទ្យ នឹងបញ្ជូនគាត់ទៅព្យាបាលនៅមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ នាពេលខាងមុខ យើងនឹងទទួលព្យាបាលជំងឺកូវីដ-១៩ នៅមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញតែម្តង៕
អត្ថបទ រដ្ឋា





