សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ទោះបីជាកម្ពុជា បាន សម្រេចដកខ្លួន ឬបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណCLVក៏ដោយ ប៉ុន្តែក្រុមប្រឆាំងនៅក្រៅប្រទេស នៅតែបន្តឃោសនាញុះញង់បំភ្លៃការពិត ដើម្បីកេងចំណេញផ្នែកនយោបាយ ដែលវាពិតជាគួរឱ្យអស់សំណើច ព្រោះថា ពួកប្រឆាំងទាំងនោះ ពេលខ្លួនមានសំឡេងក្នុងរដ្ឋសភា ហេតុអ្វីមិនតវ៉ា និងប្រឆំាងចំពោះកិច្ចសហប្រតិបត្តិការនេះ ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ក្នុង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបំផុសចលនាដោយគ្មានការពិតពីពួកក្រុមប្រឆាំងរឿង CLV-DTA វានឹងអាចធ្វើឱ្យខ្មែរបែកបាក់ផ្ទៃក្នុងគ្នា ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល បានសម្រេចបញ្ចប់នូវកិច្ចសហប្រតិបត្តិការ នេះជាស្ថាពរហើយ ដើម្បីបញ្ចប់ភាពមន្ទិលសង្ស័យ និងលុបបំបាត់ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ក៏ដូចជាការដុតបន្ថែមពី ក្រុមមជ្ឈដ្ឋានជ្រុលនិយមមួយចំនួននោះ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យ៉ាងណាក៏ដោយ ក្នុងរយៈពេលចុងក្រោយនេះ តាមរយៈដំណើរទស្សនកិច្ចភូមិភាគឦសាន ប្រជាពលរដ្ឋបានមើលឃើញការពិតពីការធានាបាននូរបូរណ ភាពទឹកដី និងការអភិវឌ្ឍនៅតំបន់ព្រំដែននោះ ដែលមានភាពបញ្ច្រាសពីការប្រឌិត បំភ្លៃ ញុះញង់ របស់ ក្រុមជ្រុលនិយម ដែលតែងតែបំផុសចលនាគ្មានការពិតចំពោះខេត្តនៅតំបន់ភូមិភាគឦសាននេះ ៕ អត្ថបទ៖ ចក់