សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ខ្មែរគ្រប់រូបទាំងអស់ត្រូវចូលការពារដើម្បីឈើសន្តិភាពដែលកំពុងមានផ្លែផ្កា ហើយកុំដោយសារតែការញុះញង់ និងអុជអាលពីក្រុមប្រឆាំងក្រៅប្រទេស ធ្វើឱ្យមានការបែកបាក់គ្នា និងបាត់បង់នូវសុខសន្តិភាពនេះ ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី នាខេត្ត មណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សន្តិភាពដែលកំពុងមាននាពេលបច្ចុបន្ននេះ គឺបានពីការតស៊ូររកបានដោយយ៉ាងលំបាករបស់វីរជនខ្មែរ និងគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដូច្នេះត្រូវរួមគ្នាការពារ និងថែរក្សា ដោយកុំធ្វើឱ្យមានការបែកបាក់គ្នា ឈ្លោះគ្នា ដោយសារតែញុះញង់ពីពួកអគតិ និងក្រុមច្រណែនឈ្នានីស មួយក្តាប់តូចពីខាងក្រៅនោះ ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្ថែមទៀតថា ដើមឈើសន្តិភាព នឹងបន្តបែកមែកសា ខាផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកាន់តែល្អប្រសើរបន្ថែមទៀតជារៀងរហូត ហើយ ពាក្យថា «សន្តិភាព»នេះ គឺត្រូវទន្ទេញ និងត្រូវចង់ចាំជានិច្ចចំពោះប្រជាពលរដ្ឋគ្រប់រូប ៕អត្ថបទ៖ បាន ចក់






