បណ្ដាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បានព្រមានជាយូរមកហើយថា គេអាចចំណាយពេលជាច្រើនទសវត្សរ៍ដើម្បីកសាងតំបន់ហ្កាហ្សា ឡើងវិញ បន្ទាប់ពីការវាយលុកដំបូងៗរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស ដែលជាយុទ្ធនាការយោធាដ៏បង្ហូរឈាមបំផុត និងបំផ្លិចបំផ្លាញបំផុតមួយចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ប៉ុន្តែឥឡូវនេះ អស់ពេលជាងមួយឆ្នាំក្នុងសង្រ្គាម របាយការណ៍ថ្មីមួយនិយាយថា ហ្កាហ្សានឹងត្រូវចំណាយពេលសាងសង់រាប់សតវត្សរ៍។

សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ បានប៉ាន់ប្រមាណនៅក្នុងរបាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃចន្ទ (២១ តុលា) សប្ដាហ៍នេះថា ប្រសិនបើសង្រ្គាមបញ្ចប់នៅថ្ងៃស្អែក ហើយហ្កាហ្សាត្រឡប់ទៅស្ថានភាពដដែលមុនការវាយប្រហារថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាសលើអ៊ីស្រាអែល ដែនដីនេះអាចត្រូវចំណាយពេល ៣៥០ឆ្នាំ ដើម្បីឱ្យសេដ្ឋកិច្ចដែលខូចរបស់ខ្លួនត្រលប់មកធម្មតាវិញ រួមទាំងការកសាងឡើងវិញ។

មុនពេលមានសង្រ្គាម ហ្កាហ្សា ត្រូវបានព័ទ្ធដោយអ៊ីស្រាអែល និងអេហ្ស៊ីប បន្ទាប់ពីក្រុមហាម៉ាស បានដណ្តើមអំណាចក្នុងឆ្នាំ២០០៧។ សង្រ្គាម និងការបែកបាក់គ្នា ៤លើកកាលពីមុនរវាងក្រុមហាម៉ាស និងអាជ្ញាធរប៉ាឡេស្ទីន ដែលគាំទ្រដោយលោកខាងលិច នៅតំបន់ វេសបែង (West Bank) ក៏បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចហ្កាហ្សាផងដែរ។

សង្រ្គាមបច្ចុប្បន្នបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងសន្ធាប់នៅទូទាំងទឹកដីហ៊ុមព័ទ្ធនេះ ដោយតំបន់លំនៅឋានទាំងមូលត្រូវខ្ទេចខ្ទី ហើយផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានបំផ្លាញ។ កម្ទេចថ្មគរដូចភ្នំដែលពោរពេញទៅដោយសាកសពរលួយ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នឹងត្រូវការបោសសម្អាតមុនពេលការកសាងឡើងវិញអាចចាប់ផ្តើម។ នៅត្រឹមចុងខែមករា ធនាគារពិភពលោក បានប៉ាន់ប្រមាណថាមានការខូចខាតចំនួន ១៨,៥ពាន់លានដុល្លារ ដែលស្ទើរតែជាទិន្នផលសេដ្ឋកិច្ចរួមបញ្ចូលគ្នានៃតំបន់ វេសបែង និងហ្កាហ្សា ក្នុងឆ្នាំ២០២២៕