បន្ទាប់ពីអង្គុយនៅក្រៅឆាកនយោបាយអស់ជាច្រើនទស្សវត្សរ៍មក លោក ប៊ីល ហ្គេត (Bill Gates) ដែលជាមហាសេដ្ឋីមួយរូបក្នុងពិភពលោក បានបង្ហើបជាលក្ខណៈឯកជនថា ថ្មីៗនេះលោកបានបរិច្ចាគប្រហែល ៥០លានដុល្លារអាមេរិក ដល់អង្គការមិនរកប្រាក់ចំណេញដែលគាំទ្រអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris ក្នុងការឈរឈ្មោះជាប្រធានាធិបតី នេះបើយោងតាមជិតស្និទ្ធចំនួនបី។

ការបរិច្ចាគបែបនេះគួរតែត្រូវបានរក្សាទុកជាការសម្ងាត់ ព្រោះលោក Gates ដែលជាស្ថាបនិកម្នាក់នៃក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស ម៉ៃក្រូសហ្វ (Microsoft) មិនបានគាំទ្រលោកស្រី Harris ជាសាធារណៈឡើយ ហើយការផ្ដល់ប្រាក់រាប់សិបលានដុល្លារនេះ នឹងតំណាងឱ្យការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងយុទ្ធសាស្រ្តរបស់ខ្លួន ដែលកាលពីមុនលោកតែងនៅឆ្ងាយពីនយោបាយ។

ប្រភពមួយបានប្រាប់ថា នៅក្នុងការហៅទូរសព្ទជាលក្ខណៈឯកជនទៅកាន់មិត្តភ័ក្តិ និងអ្នកផ្សេងទៀតក្នុងឆ្នាំ២០២៤នេះ លោក Gates បានសម្តែងក្ដីបារម្ភពីទិដ្ឋភាពមិនច្បាស់លាស់សម្រាប់តំណែងប្រធានាធិបតីលើកទីពីររបស់លោក Donald Trump ទោះបីជាលោកសង្កត់ធ្ងន់ថានឹងនៅតែអាចធ្វើការជាមួយបាន ទោះអ្នកណាជាប់ឆ្នោតក៏ដោយ។

លោក Gates មិនមានទំនាក់ទំនងស៊ីជម្រៅជាមួយលោកស្រី Harris ទេ ប៉ុន្តែលោកបានសាទរការងាររបស់រដ្ឋបាល Biden-Harris ស្តីពីបម្រែបម្រួលអាកាសធាតុ។ ប្រភពបន្ថែមថា អង្គការសប្បុរសធម៌របស់លោក Gates ដែលមានឈ្មោះថាមូលនិធិ ប៊ីល អែន មេលីនដា ហ្គេត (Bill & Melinda Gates) មានការព្រួយបារម្ភយ៉ាងខ្លាំងពីលទ្ធភាពនៃការកាត់បន្ថយផែនការគ្រួសារ និងកម្មវិធីសុខភាពសកល ប្រសិនបើលោក Trump ជាប់ឆ្នោត៕