មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន BBC បានព្រមានថា សេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចុះខ្លាំងប៉ុនទំហំនៃសេដ្ឋកិច្ចបារាំង និងអាល្លឺម៉ង់រួមបញ្ចូលគ្នា ប្រសិនបើមានសង្គ្រាមពាណិជ្ជកម្មសកលដែលមានមូលដ្ឋានទូលំទូលាយរវាងបណ្តាប្រទេសសេដ្ឋកិច្ចធំៗរបស់ពិភពលោក។

ការព្រមាននេះកើតឡើងនៅពេលដែលកង្វល់បានកើនឡើងខ្លាំងជុំវិញការបោះឆ្នោតសហរដ្ឋអាមេរិក ដែលពិភពលោកបារម្ភពីលទ្ធភាពនៃតំណែងប្រធានាធិបតីលើកទីពីររបស់លោក Donald Trump។
បេក្ខភាពមកពីបក្សសាធារណរដ្ឋ លោក Trump និយាយថា លោកគ្រោងនឹងដាក់ចេញពន្ធសកល ឬពន្ធរហូតដល់ ២០% លើការនាំចូលទាំងអស់ទៅកាន់សហរដ្ឋអាមេរិក ខណៈសហភាពអឺរ៉ុប កំពុងរៀបចំផែនការសងសឹក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បន្តការយកពន្ធថ្មី។

កាលពីសប្តាហ៍មុន លោក Trump បាននិយាយថា “ពន្ធគយគឺជាពាក្យដ៏ស្រស់ស្អាតបំផុតនៅក្នុងវចនានុក្រម” ហើយឥឡូវនេះទីផ្សារពិភពលោក និងរដ្ឋមន្រ្តីហិរញ្ញវត្ថុ កំពុងចាប់ផ្តើមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរំពឹងទុករបស់អតីតប្រធានាធិបតីអាមេរិករូបនេះក្នុងការអនុវត្តគំនិតនោះ។
អគ្គនាយករងមូលនិធិ IMF លោកស្រី ហ្គីតា ហ្គូភីណាត (Gita Gopinath) បាននិយាយថា មូលនិធិនេះមិនទាន់អាចវាយតម្លៃជាក់លាក់លើផែនការពាណិជ្ជកម្មរបស់លោក Trump បាននៅឡើយទេ ប៉ុន្តែគិតថា “ប្រសិនបើមានការផ្ដាច់ខ្លួនផ្នែកសេដ្ឋកិច្ចទ្រង់ទ្រាយធំ និងការប្រើប្រាស់ទំហំដ៏ធំនៃពន្ធគយនោះ ពិភពលោកអាចនឹងបង់ខាតប្រហែលជាជិត ៧% នៃផលិតផលក្នុងស្រុកសរុប (GDP) ជាសកល”៕