ប្រទេសស៊ូដង់ កាលពីថ្ងៃពុធ បានចោទប្រកាន់ប្រទេសលោកខាងលិចពីការធ្វើនយោបាយ លើកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ និងបានដាក់កំហុសដោយអយុត្តិធម៌លើកងទ័ព និងរដ្ឋាភិបាលស៊ូដង់ចំពោះការរារាំងការផ្តល់ជំនួយ។

សេចក្តីថ្លែងការណ៍ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី១៨ ខែតុលា ដោយចក្រភពអង់គ្លេស ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) ប្រទេសន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ អៀរឡង់ ស្វីស កាណាដា និងស្នងការអឺរ៉ុបទទួលបន្ទុកការគ្រប់គ្រងវិបត្តិ ដែលបានអំពាវនាវឱ្យបញ្ចប់ការបិទផ្លូវ ដែលរារាំងដំណើរការចូលទៅក្នុងប្រទេសស៊ូដង់។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសស៊ូដង់បានរិះគន់សេចក្តីថ្លែងការណ៍រួមនោះថា មានភាពលំអៀង ដោយអះអាងថាពុំមានភស្តុតាងណាមួយដែលបង្ហាញថារដ្ឋាភិបាលរារាំងដោយចេតនានូវប្រតិបត្តិការជំនួយមនុស្សធម៌នោះទេ។ ក្រសួង បានបដិសេធថា អាជ្ញាធររដ្ឋាភិបាល ពុំមានចេតនារារាំងចំពោះការចេញទិដ្ឋាការចូល និងការអនុញ្ញាតធ្វើដំណើរសម្រាប់បុគ្គលិកមនុស្សធម៌ឡើយ។

ក្រសួង ក៏បានសម្តែងការព្រួយបារម្ភចំពោះការអំពាវនាវឱ្យអង្គការមនុស្សធម៌ ធ្វើប្រតិបត្តិការដោយឯករាជ្យពីការត្រួតពិនិត្យរបស់រដ្ឋាភិបាល ដោយនិយាយថា វាអាចធ្វើឱ្យប៉ះពាល់ដល់អាជ្ញាធររដ្ឋ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកមនុស្សធម៌ រដ្ឋាភិបាលស៊ូដង់ បានប្រកាសកាលពីថ្ងៃទី ១៩ ខែតុលា អំពីការបើកអាកាសយានដ្ឋានបន្ថែមចំនួន៤កន្លែង សម្រាប់ការដឹកជញ្ជូនជំនួយ ដោយធ្វើឱ្យអាកាសយានដ្ឋានចំនួន៦ និងផ្លូវឆ្លងកាត់ចំនួន៧កន្លែង នៅក្នុងប្រទេសស៊ូដង់ អាចដំណើរការទៅបានសម្រាប់ភ្នាក់ងារមនុស្សធម៌។