រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់សមភាគីអ៊ីស្រាអែលកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភអំពីការវាយប្រហារប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធលីបង់ ខណៈពេលដែលជំរុញឲ្យអ៊ីស្រាអែល ចាត់វិធានការ ដើម្បីធានាសុវត្ថិភាពរបស់កងទ័ពលីបង់ និងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) ។

លោក Austin ក៏បានប្រាប់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) ថា ទីក្រុងវ៉ាស៊ីនតោន បានស្វាគមន៍ចំពោះចលនានៃជំនួយមនុស្សធម៌តាមរយៈច្រកឆ្លងកាត់ Erez ទៅកាន់ភាគខាងជើង តំបន់ហ្កាហ្សា និងបានជំរុញឲ្យអ៊ីស្រាអែលចាត់វិធានការ ដើម្បីដោះស្រាយស្ថានការណ៍ដ៏អាក្រក់នៅទីនោះ។
យោធាលីបង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានលីបង់បីនាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើរថយន្តកងទ័ពមួយគ្រឿង នៅភាគខាងត្បូងប្រទេសលីបង់។ អ៊ីស្រាអែល ដែលនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហេសបូឡានៅប្រទេសលីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ បានសុំទោស និងបានបញ្ជាក់ថា យោធារបស់ខ្លួន មិនប្រតិបត្តិការប្រឆាំងនឹងកងទ័ពលីបង់។
បេសកកម្មរក្សាសន្តិភាពរបស់UN នៅក្នុងប្រទេសលីបង់ ក៏បានអះអាងថា កងទ័ពរបស់ខ្លួន បានរងការវាយប្រហាររបស់អ៊ីស្រាអែលជាច្រើនលើក។ អ៊ីស្រាអែល បានបដិសេធឧប្បត្តិហេតុទាំងនោះ។
មន្ទីរបញ្ចកោណ បាននិយាយថា លោក Austin «បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍នៃការវាយប្រហារប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធលីបង់» ដោយបន្ថែមថា លោកបានជំរុញឲ្យអ៊ីស្រាអែល «ធានាសុវត្ថិភាព និងសន្តិសុខនៃកងកម្លាំងប្រដាប់អាវុធលីបង់ និងកងកម្លាំង UNIFIL»។