អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនស៊ីវិលជាប់នៅក្នុងការលុកលុយ ដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅភាគខាងជើងតំបន់ហ្កាហ្សា។
លោក ហ្គុយតឺរេស បាននិយាយថា៖«ប្រជាជនដែលកំពុងរងទុក្ខនៅក្រោមការឡោមព័ទ្ធរបស់អ៊ីស្រាអែលដែលកំពុងបន្តនៅភាគខាងជើងតំបន់ហ្កាហ្សា បានបាក់ទឹកចិត្តនិងអស់សង្ឃឹមយ៉ាងខ្លាំង ដោយសារគ្មានមធ្យោបាយ ដើម្បីការរស់រានមានជីវិតរបស់ពួកគេ»។
ដោយសង្កត់ធ្ងន់លើតម្រូវការ ដើម្បីការពារជនស៊ីវិល និងធានាថា ពួកគេទទួលបានជំនួយមនុស្សធម៌ចាំបាច់ លោកបានរំលឹកអ៊ីស្រាអែលអំពីកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន ដោយនិយាយថា៖«នោះហើយជាអ្វីដែលច្បាប់មនុស្សធម៌អន្តរជាតិ ទាមទារ»។
ស្ថានភាពនៅតំបន់ហ្កាហ្សា កាន់តែខិតទៅជិតដល់គ្រោះមហន្តរាយ។ ទីភ្នាក់ងារការពារជនស៊ីវិលនៅ ហ្កាហ្សា និយាយថា អ្នកជួយសង្គ្រោះបីនាក់របស់ខ្លួន បានរងរបួសនៅភាគខាងជើងតំបន់ហ្កាហ្សា ជាអ្វីដែលខ្លួនហៅថា «ការវាយប្រហារតាមគោលដៅ»ដែលមានបំណងបង្ខំពួកគេចេញពីជំរំជនភៀសខ្លួន Jabalia ដែលត្រូវបានឡោមព័ទ្ធ។
ក្រោយមក ទីភ្នាក់ងារនេះ បាននិយាយទៀតថា ប្រតិបត្តិការរបស់ខ្លួនទាំងអស់នៅភាគខាងជើងហ្កាហ្សាត្រូវបានផ្អាក បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានឃាត់ខ្លួនបុគ្គលិក ៥នាក់ និងបានទម្លាក់គ្រាប់បែកលើរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង។