លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែល បានរកឃើញផែនការមួយរបស់ក្រុមហេសបូឡា ក្នុងការវាយប្រហារប្រទេសរបស់លោក តាមផ្លូវរូងក្រោមដី ដែលពាក់ព័ន្ធនឹងរថយន្តហ្ស៊ីប និងមីស៊ីល។
លោកបានថ្លែងប្រាប់ទូរទស្សន៍បារាំង CNews និង Europe 1ថា ផែនការនេះ មានការវាយប្រហារមួយដែលនឹងធ្វើឲ្យខូចខាតច្រើនជាងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ទៅលើអ៊ីស្រាអែលទៅទៀត។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖«ចម្ងាយមួយរយម៉ែត្រ ពីររយម៉ែត្រពីព្រំដែន យើងបានរកឃើញផ្លូវរូងក្រោមដី ផ្លូវរូងក្រោមដីដែលកំពុងរៀបចំការវាយលុកលើអ៊ីស្រាអែល ដែលជាការវាយប្រហារខ្លាំងជាងនៅថ្ងៃទី ៧ ខែតុលា។ នេះបើយោងតាមការបកប្រែដែលផ្តល់ដោយបណ្តាញទូរទស្សន៍នេះ។
«ពួកគេកំពុងរៀបចំផែនការវាយលុក ដោយមានរថយន្តហ្ស៊ីប ម៉ូតូ រ៉ូកែត និងមីស៊ីល»។
លោក ណេតាន់យ៉ាហ៊ូ បានប្រាប់សារព័ត៌មានបារាំង Le Figaro កាលពីដើមខែនេះថា កងទ័ពអ៊ីស្រាអែលបានរកឃើញគ្រឿងយុទ្ធោបករណ៍ទំនើបៗរបស់រុស្ស៊ី នៅក្នុងឃ្លាំងអាវុធរបស់ក្រុមហេសបូឡា។
ចាប់តាំងពីខែមុន អ៊ីស្រាអែល បានបង្កើនការវាយប្រហារខ្លួន នៅក្នុងប្រទេសលីបង់ មុនពេលបញ្ជូនកងទ័ពជើងគោកឆ្លងកាត់ព្រំដែន សង្រ្គាមនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.៥៥២នាក់។ បើយោងតាមតួលេខដែលសារព័ត៌មានAFP ទទួលបានពីក្រសួងសុខាភិបាលលីបង់ ចំនួនពិតប្រាកដទំនងជាខ្ពស់ជាងនេះ។