ប្រភពសន្តិសុខ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ទីភ្នាក់ងារចារកម្មជាតិទួរគី បានវាយប្រហារគោលដៅរបស់ក្រុមជីវពលឃើដ នៅតំបន់ភាគខាងជើងអ៊ីរ៉ាក់ និងតំបន់ភាគខាងជើងស៊ីរី ជាការសងសឹកនឹងការវាយប្រហារស្លាប់មនុស្សនៅទីក្រុងអង់ការ៉ា ។
ប្រភពព័ត៌មាន បានបញ្ជាក់ថា គោលដៅទាំងនោះ រួមមានទីតាំងយោធា និងទីតាំងចារកម្ម ឃ្លាំងស្តុកគ្រាប់រំសេវ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធភស្តុភារ និងថាមពល ។
គួរឲ្យដឹងថា ជនវាយប្រហារ ២នាក់ បានសម្លាប់មនុស្ស ៥នាក់ និងធ្វើឲ្យមនុស្ស ២២នាក់ផ្សេងទៀត រងរបួសកាលពីថ្ងៃពុធ នៅក្នុងការវាយប្រហារមួយដែលទីក្រុងអង់ការ៉ា ចាត់ទុកថាជាការវាយប្រហារភេរវកម្មលើទីស្នាក់ការកណ្តាលឧស្សាហកម្មអាកាសចរណ៍ទួរគី ជាទីដែលក្រុមសាក្សីនិយាយថា ពួកគេបានឮសំឡេងផ្ទុះគ្រាប់កាំភ្លើង និងសំឡេងផ្ទុះគ្រាប់ ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃទួរគីលោក Ali Yerlikaya និយាយថា ជនវាយប្រហារទាំង ២នាក់នោះ ត្រូវបានសម្លាប់ ក្រោយការវាយប្រហារ ហើយលោកបន្តថា មនុស្ស ២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
លោក Yerlikaya និយាយថា ជនល្មើសទំនងជាសមាជិករបស់ក្រុមគណបក្សពលករឃើដ(PKK)ដែលជាក្រុមមិនស្របច្បាប់ ។
ក្រសួងការពារជាតិទួរគី និយាយកាលពីយប់ថ្ងៃពុធថា កងទ័ពអាកាសទួរគី បានបើកការវាយប្រហារតាមច្រកអាកាសលើតំបន់ភាគខាងជើងអ៊ីរ៉ាក់ និងតំបន់ភាគខាងជើងស៊ីរី ដោយបានបំផ្លាញគោលដៅរបស់ក្រុម PKK ចំនួន ៣២កន្លែង ហើយសមាជិកមួយចំនួនរបស់ពួកគេ ត្រូវបានសម្លាប់ ។
សូមបញ្ជាក់ថា ឧស្សាហកម្ម TUSAS គឺជាក្រុមហ៊ុនផលិតអវកាសធំជាងគេបំផុតរបស់ទួរគី បច្ចុប្បន្នមានផលិតឧទ្ធម្ភាគចក្រប្រយុទ្ធ និងស៊ីវិល ក៏ដូចជាផលិតយន្តហោះចម្បាំងក្នុងស្រុកលើកដំបូង KAAN ។ គ្រប់គ្រងដោយគ្រឹះស្ថានកងកម្លាំងប្រដាប់អាវុធទួរគី និងរដ្ឋាភិបាល ឧស្សាហកម្មមួយនេះ មានជួលបុគ្គលិកជាង ១ម៉ឺននាក់ ៕