ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយថា ប្រទេសរុស្ស៊ីមិនបានដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួនអំពីសណ្តាប់ធ្នាប់ពិភពលោកលើបណ្តាប្រទេស BRICS ក្នុងអំឡុងកិច្ចប្រជុំកំពូល នៅទីក្រុង Kazan ដោយលើកឡើងថា ការប៉ុនប៉ងរបស់ទីក្រុងមូស្គូបានបរាជ័យ។
ក្រសួងបានកត់សម្គាល់ថា ខ្លួនបានចាប់អារម្មណ៍ចំពោះកថាខណ្ឌមួយ នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយនៃកិច្ចប្រជុំកំពូល BRICS នាទីក្រុង Kazan ដែលទុកសង្រ្គាមនៅអ៊ុយក្រែនដោយឡែក។ នៅក្នុងនោះ ក្រុមប្រទេស BRICS គ្រាន់តែរំលឹកគ្នាទៅវិញទៅមក អំពីជំហរជាតិរបស់ពួកគេ លើបញ្ហានេះ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដំណោះស្រាយដោយសន្តិវិធី និងការទូត។
យោងតាមក្រសួងការបរទេស បានឲ្យដឹងទៀតថា នេះបង្ហាញថា រុស្ស៊ីបានបរាជ័យក្នុងការ «ដាក់ចេញ» នូវទស្សនៈបែបចក្រពត្តិនិយមរបស់ខ្លួនលើការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក និងស្ថាបត្យកម្មសន្តិសុខសកល តាមរយៈការលុកលុយលើអ៊ុយក្រែន ទៅកាន់អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។
ក្រសួងអ៊ុយក្រែនបានសង្កត់ធ្ងន់ថា សេចក្តីប្រកាសចុងក្រោយនេះ បានបង្ហាញពីការខ្វះជំហររួបរួមគ្នារបស់ BRICS ទាក់ទងនឹងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ កិច្ចប្រជុំកំពូលបានបង្ហាញថា ភាគច្រើនជាសកល នៅតែឈរខាងអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីសម្រេចបានសន្តិភាពដ៏ត្រឹមត្រូវមួយ។
កាលពីថ្ងៃទី២៣ ខែតុលា មេដឹកនាំនៃបណ្តាប្រទេស BRICS បានអនុម័តសេចក្តីប្រកាសចុងក្រោយនៃកិច្ចប្រជុំកំពូល នៅទីក្រុង Kazan។ នៅក្នុងចំណុចមួយ ពួកគេបានលើកឡើងពីសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ហើយបានធានាថា ពួកគេគាំទ្រការអនុវត្តធម្មនុញ្ញអង្គការសហប្រជាជាតិ៕