នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសចិន និយាយថា ពួកគេពុំបានដឹងថា ទាហានកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ីនោះទេ ក្រោយសហរដ្ឋអាមេរិក និយាយថា ពួកគេបានមើលឃើញភស្តុតាងដែលថាកូរ៉េខាងជើង បានបញ្ជូនទាហាន ៣ពាន់នាក់ ទៅកាន់រុស្ស៊ី សម្រាប់លទ្ធភាពនៃការដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែន ។ ទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង បានច្រានចោលដូចគ្នា អំណះអំណាងបែបនេះ ។
សេវាកម្មចារកម្មជាតិកូរ៉េខាងត្បូង(NIS) បាននិយាយថា កូរ៉េខាងជើង បានបញ្ជូនទាហាន ៣ពាន់នាក់ រួមទាំងកងកម្លាំងពិសេសទៅកាន់តំបន់ជាយបូព៌ារបស់រុស្ស៊ី សម្រាប់ការហ្វឹកហាត់ និងដើម្បីស៊ាំនឹងអាកាសធាតុក្នុងមូលដ្ឋានយោធានៅទីនោះ ហើយប្រហែលជានឹងត្រូវដាក់ពង្រាយ ដើម្បីធ្វើសង្រ្គាមនៅអ៊ុយក្រែន ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា កិច្ចព្រមព្រៀងដែលលោកបានចុះហត្ថលេខាជាមួយលោក Kim Jong Un អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែមិថុនា រួមមានទាំងប្រការជួយគ្នាក្នុងគ្រាក្រ ដើម្បីជួយរុញច្រានការឈ្លានពានពីខាងក្រៅ ។
ក្រុមអ្នកវិភាគនិយាយថា កូរ៉េខាងជើងអាចរកបានផលចំណេញពីការផ្តល់អាវុធ និងទាហាន តាមរយៈការទទួលបានបទពិសោធន៍ និងការយល់ដឹងពីប្រតិបត្តិការនៅលើសមរភូមិប្រយុទ្ធ ៕