រុស្ស៊ីបានរងការខាតបង់យ៉ាងសំខាន់ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែយោធារបស់ខ្លួននៅតែមានកម្លាំងប្រយុទ្ធដ៏គ្រោះថ្នាក់ដែលស្ទើរតែមិនរងផលប៉ះពាល់អ្វីសោះ ដោយសារជម្លោះនេះ។ នេះជាការព្រមានរបស់ឧត្តមសេនីយ៍ជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ប្រចាំនៅអឺរ៉ុប ក្នុងសប្តាហ៍នេះ។
លោកឧត្តមសេនីយ៍ Christopher Cavoli មេបញ្ជាការនៃបញ្ជាការដ្ឋានអឺរ៉ុបរបស់អាមេរិក បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យាស្ថានស្រាវជ្រាវ Atlantic Council ថា៖ «យោធារុស្ស៊ីដែលយើងឃើញប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែន និងផលប៉ះពាល់ដែលប្រទេសនេះមាន ត្រូវតែមើលនៅក្នុងបរិបទនៃរចនាសម្ព័ន្ធយោធាទាំងមូលរបស់ពួកគេ»។
លោក Cavoli ដែលជាមេបញ្ជាការជាន់ខ្ពស់សម្ព័ន្ធមិត្តអឺរ៉ុបរបស់អង្គការ NATO បាននិយាយថា ប្រទេសរុស្ស៊ីនៅតែមានកងកម្លាំងដែល «ស្ទើរតែមិនត្រូវបានប៉ះពាល់សោះដោយសារសង្គ្រាមអ៊ុយក្រែន» ក្នុងនោះរួមទាំងយន្តហោះរយៈចម្ងាយឆ្ងាយ កងកម្លាំងរ៉ូកែតយុទ្ធសាស្ត្រ អង្គភាពការពារ និងគ្រឿងយុទ្ធោបករណ៍ក្រោមសមុទ្រ។ លោកបាននិយាយថា កម្លាំងទ័ពអាកាសយុទ្ធសាស្ត្រភាគច្រើនរបស់ក្រុងមូស្គូមិនទាន់ត្រូវបានអនុវត្ត ចំពោះជម្លោះនេះនៅឡើយទេ៕