យន្តការីនៅក្រុមហ៊ុន Boeing កាលពីថ្ងៃពុធ (ទី២៣ ខែតុលា) បានច្រានចោលសំណើកិច្ចសន្យាថ្មី ដែលនឹងបញ្ចប់កូដកម្មរយៈពេល ១សប្តាហ៍ ប្រឆាំងនឹងក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងជួបបញ្ហា ហើយសហជីព បាននិយាយថា កូដកម្មនេះនឹងបន្តមាន។
យោងតាមសមាគមអន្តរជាតិនៃយន្តការី និងកម្មករលំហអាកាស (IAM) ដែលជាសហជីពតំណាងឲ្យកម្មកររបស់ Boeing ចំនួន ៣៣.000នាក់ នៅទីក្រុងវ៉ាស៊ីនតោន អូរីហ្គិន និងកាលីហ្វ័រនីញ៉ា បានឲ្យដឹងថា ៦៤ភាគរយនៃកម្មករ បានបោះឆ្នោតបដិសេធកិច្ចសន្យាថ្មីនេះ។ ក្រុមអ្នកតំណាងក្រុមហ៊ុន Boeing បាននិយាយកាលពីយប់ថ្ងៃពុធថា ក្រុមហ៊ុនមិនមានការអត្ថាធិប្បាយអ្វី អំពីការបោះឆ្នោតនេះនោះទេ។
កិច្ចសន្យាដែលបានស្នើឡើង នឹងផ្តល់នូវការដំឡើងប្រាក់ឈ្នួល ៣៥ភាគរយ ក្នុងរយៈពេល ៤ឆ្នាំនៃកិច្ចសន្យា ដោយដំឡើងពីចំនួន ២៥ភាគរយដែលផ្តល់ជូនពីមុន ហើយត្រូវបានច្រានចោលដោយកម្មករយ៉ាងច្រើន នៅក្នុងការបោះឆ្នោតកាលពីខែមុន។ ដំបូងឡើយ កម្មករបានស្វែងរកការដំឡើងប្រាក់ឈ្នួលចំនួន ៤០ភាគរយ។
សំណើនេះ ក៏បានអំពាវនាវឲ្យបង្កើនការរួមចំណែករបស់ក្រុមហ៊ុន Boeing ទៅនឹងផែនការ 401(K) ប៉ុន្តែក្រុមហ៊ុនបានបដិសេធមិនបំពេញតាមការអំពាវនាវរបស់កម្មករ ដើម្បីឲ្យមានការផ្តល់ប្រាក់សោធននិវត្តន៍ដែលបានកំណត់របស់ក្រុមហ៊ុនឡើងវិញ។ កិច្ចសន្យានេះ នឹងរួមបញ្ចូលប្រាក់រង្វាន់ដែលបានអនុម័តចំនួន ៧.០០០ដុល្លារ សម្រាប់កម្មករនិយោជិតម្នាក់ៗ ក៏ដូចជាប្រាក់បន្ថែមលើការងារដែលក្រុមហ៊ុន Boeing បានព្យាយាមបដិសេធ។
ប៉ុន្តែយ៉ាងណាក្ដី ថ្នាក់ដឹកនាំសហជីព បាននិយាយថា សម្បទានដែលមានក្នុងសំណើនេះ មិនគ្រប់គ្រាន់ដើម្បីបំពេញតាមការទាមទាររបស់សមាជិកសហជីពដែលជាកម្មករនិយោជិត៕