ការជម្លៀសប្រជាជន បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលានេះ នៅក្នុងតំបន់ទំនាបនៅភាគខាងកើតប្រទេសឥណ្ឌា មុនការមកដល់នៃព្យុះស៊ីក្លូនដាណា(Dana) ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ដែលនឹងវាយបក់បោកនៅផ្នែកមួយចំនួននៃរដ្ឋ Odisha របស់ប្រទេសឥណ្ឌា។
បច្ចុប្បន្ន ព្យុះស៊ីក្លូន Dana ស្ថិតនៅលើឈូងសមុទ្រ រដ្ឋ Bengal ហើយត្រូវបានគេរំពឹងថានឹងឆ្លងកាត់រដ្ឋ Odisha ភាគខាងកើត និងរដ្ឋ West Bengal ចន្លោះល្ងាចថ្ងៃព្រហស្បតិ៍នេះ ដល់ព្រឹកថ្ងៃសុក្រ ទី ២៥ ខែតុលា។
ក្រុមមន្ត្រី និយាយថា ជើងហោះហើរជាច្រើនទៅនិងមក ពីទីក្រុងនានានៃរដ្ឋទាំងពីរ នឹងត្រូវបានផ្អាក ចាប់ពីល្ងាចថ្ងៃព្រហស្បតិ៍នេះ ដល់ព្រឹកថ្ងៃសុក្រ។
រដ្ឋទាំងពីរ ក៏បានបិទសាលារៀននៅក្នុងតំបន់ជាច្រើន ដែលត្រូវបានគេរំពឹងថានឹងទទួលរងឥទ្ធិពលនៃព្យុះនេះ ហើយបានសុំឱ្យអ្នកនេសាទ កុំចេញទៅសមុទ្រ។
ព្យុះដ៏ខ្លាំង បានវាយបោកបក់នៅតំបន់ឆ្នេររបស់ប្រទេសឥណ្ឌា និងប្រទេសបង់ក្លាដែស ដែលជិតខាងអំឡុងរដូវព្យុះស៊ីក្លូន ចាប់ពីខែមេសា ដល់ខែធ្នូ ជារៀងរាល់ឆ្នាំ។