រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock និយាយនៅថ្ងៃព្រហស្បតិ៍នេះថា អាល្លឺម៉ង់ នឹងផ្តល់ជំនួយមនុស្សធម៌ និងការអភិវឌ្ឍ ៩៦លានអឺរ៉ូ(ស្មើនឹង ១០៤លានដុល្លារ)បន្ថែមទៀតដល់ប្រទេសលីបង់ មុនជំនួបរបស់គណៈប្រតិភូចំនួន ៧០រូបនៅក្នុងទីក្រុងប៉ារីស របស់ប្រទេសបារាំង ដោយផ្តោតសំខាន់លើការជួយប្រទេសមួយនេះ ។
លោកស្រី Baerbock និយាយថា ពួកយើងត្រូវតែនិយាយឲ្យបានច្បាស់លាស់ថា ពួកយើងមិនត្រឹមតែមើលឃើញការរងគ្រោះនៅក្នុងប្រទេសលីបង់សព្វថ្ងៃនេះទេ ពួកយើងត្រូវចាត់វិធានការ ពួកយើងត្រូវគាំទ្រមនុស្សនៅលើដីនៅតំបន់ភាគច្រើន ដែលចង់បានរឿងមួយគត់ គឺរស់នៅដោយមានសុវត្ថិភាព និងសន្តិភាពនាពេលអនាគត ដូចគ្នានឹងមនុស្សជាច្រើនទៀតនៅក្នុងប្រទេសអ៊ីស្រាអែលអញ្ចឹងដែរ ។
លោកស្រីបន្តថា ពួកយើងនឹងធ្វើការផងដែរ ដើម្បីធានាថា លីបង់នឹងមិនអស្ថិរភាពបន្ថែមទៀតនោះទេ ហើយពលរដ្ឋនៅទីនោះ អាចរស់នៅដោយមានសុវត្ថិភាព ។ មូលដ្ឋានល្អបំផុតសម្រាប់ស្ថានភាពមួយនេះ គឺសេចក្តីសម្រេចលេខ ១៧០១របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) ដែលត្រូវតែមានការរួមចំណែកខ្លាំងជាងពេលណាណាទាំងអស់ ។
លោកស្រី Baerbock និយាយទៀតថា សេចក្តីសម្រេចនេះ បញ្ជាក់យ៉ាងច្បាស់ថា ក្រុមហេសបូឡា ត្រូវតែដកចេញពីក្រោយទន្លេ Litani ពួកគេត្រូវតែជាក្រុមជីវពលគ្មានប្រដាប់អាវុធនៅប្រទេសលីបង់ ហើយច្បាស់ណាស់ថា កងកម្លាំងការពារជាតិអ៊ីស្រាអែល ត្រូវតែដកចេញពីប្រទេសលីបង់ ដើម្បីឲ្យពលរដ្ឋអ៊ីស្រាអែល អាចរស់នៅក្នុងសន្តិសុខ ហើយពលរដ្ឋលីបង់ អាចរស់នៅក្នុងសន្តិសុខ ។
យោងតាមឯកសារគោលរបស់ក្រសួងការបរទេសបារាំង បានឲ្យដឹងថា បារាំងសង្ឃឹមថាជំនួបនៅទីក្រុងប៉ារីស នឹងរៃអង្គាសប្រាក់ប្រហែល ៥០០លានអឺរ៉ូ(ស្មើនឹង ៥៤០លានដុល្លារ) សម្រាប់ជំនួយមនុស្សធម៌ ៕