លោក Mahdi al-Mashat ប្រធានក្រុមប្រឹក្សានយោបាយកំពូលរបស់ប្រទេសយេម៉ែន បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៤ ខែតុលានេះថា ក្រុមប្រឹក្សាសន្តិសុខ បានធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរ ដោយការប្រកាន់យកជំហរលម្អៀង។
យោងតាមទូរទស្សន៍ Al Mayadeenបានឲ្យដឹងថា លោក al-Mashat បានធ្វើការអត្ថាធិប្បាយទាំងនេះនៅក្នុងលិខិតមួយច្បាប់ផ្ញើជូនលោក អង់តូនីញ៉ូ ហ្គុយតឺរេស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។
លោកបានរិះគន់យ៉ាងធ្ងន់ៗចំពោះភាពអសកម្មរបស់សហគមន៍អន្តរជាតិចំពោះព្រឹត្តិការណ៍ដែលកើតឡើង នៅក្នុងតំបន់។
លោក Al-Mashat បានបញ្ចប់ ដោយអំពាវនាវឲ្យអង្គការសហប្រជាជាតិប្រកាន់ជំហររឹងមាំប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រជាជនប៉ាឡេស្ទីន និងលីបង់ និងចាត់ទុកអ៊ីស្រាអែល ជារបបភេរវកម្ម។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ចាប់តាំងពីការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា កងទ័ពយេម៉ែនបានកំណត់គោលដៅលើនាវារបស់អ៊ីស្រាអែល ឬនាវាដែលឆ្ពោះទៅកាន់ទឹកដីដែលខ្លួនគ្រប់គ្រង នៅសមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb ដើម្បីគាំទ្រដល់ការតស៊ូរបស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កា ហ្សា។
កងកម្លាំងយេម៉ែន បានប្តេជ្ញាបន្តកំណត់គោលដៅលើនាវារបស់អ៊ីស្រាអែល ឬនាវាផ្សេងទៀត ដែលមានទិសដៅទៅកាន់ទឹកដីដែលខ្លួនគ្រប់គ្រងក្នុងសមុទ្រក្រហម រហូតដល់អ៊ីស្រាអែល បញ្ឈប់ការវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សា។

