ក្រុមមន្ត្រីឥណ្ឌា បានប្រាប់ឲ្យដឹងថា ជើងហោះហើរទៅ និងមកពីទីក្រុងនានានៃរដ្ឋភាគខាងកើត គឺ Odisha និង West Bengal របស់ប្រទេស ក្នុងនោះរួមទាំងទីក្រុង Kolkata ផងដែរ នឹងត្រូវផ្អាកពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី២៤ ខែតុលា) នេះ រហូតដល់ព្រឹកថ្ងៃសុក្រ (ទី២៥ ខែតុលា) ខណៈតំបន់នេះត្រៀមប្រឈមជាមួយព្យុះស៊ីក្លូនដែលនឹងបោកបក់ទៅដល់ ក្នុងអំឡុងពេលនោះ។
នាយកដ្ឋានអាកាសធាតុ បានប្រាប់ថា ព្យុះស៊ីក្លូន Dana ដែលបច្ចុប្បន្នកំពុងបក់បោក នៅឈូងសមុទ្រ Bengal ត្រូវបានគេរំពឹងថា នឹងឆ្លងកាត់ឆ្នេររបស់រដ្ឋនេះនៅចន្លោះពាក់កណ្តាលអធ្រាត្រថ្ងៃទី២៤ ខែតុលា ដល់ព្រឹកថ្ងៃទី២៥ ខែតុលា ដោយមានល្បឿនខ្យល់បក់ពី ១០០ ទៅ ១១០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយកម្លាំងខ្យល់អាចឡើងរហូតដល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរបញ្ជាក់ថា រដ្ឋទាំង២ នេះ បានបិទសាលារៀននៅក្នុងតំបន់ ដែលត្រូវបានគេរំពឹងថា នឹងទទួលរងនូវឥទ្ធិពលនៃព្យុះនេះ ហើយបានប្រាប់ឲ្យអ្នកនេសាទកុំចេញទៅប្រកបការងាររបស់ខ្លួន នៅសមុទ្រ។
រូបភាពតាមទូរទស្សន៍ បានបង្ហាញពីអ្នកនេសាទ កំពុងនាំគ្នារួសរាន់ការពារផ្ទះសម្បែងធ្វើពីចំបើង និងទូករបស់ពួកគេ ដោយចងនឹងខ្សែពួរ ហើយមន្ត្រីបាននាំអ្នកស្រុកនៅតំបន់ឆ្នេរទៅកាន់ទីសុវត្ថិភាព ខណៈដែលខ្យល់ និងភ្លៀងខ្លាំង បានចាប់ផ្ដើមមាននៅផ្នែកខ្លះនៃរដ្ឋ Odisha កាលពីថ្ងៃទី២៤ ខែតុលា៕


