អ៊ីរ៉ាក់៖ គណបក្ស និងក្រុមប្រដាប់អាវុធគាំទ្រដោយប្រទេសអ៊ីរ៉ង់ បានទាត់ចោលលទ្ធផលបឋមពីការបោះឆ្នោតនៅអ៊ីរ៉ាក់ថា ជាឧបាយកល និងការលួចបន្លំ។ ការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យជាការបោះឆ្នោតលើកទី៥ នៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមចាប់តាំងពីការលុកលុយដឹកនាំដោយសហរដ្ឋអាមេរិក និងការផ្តួលរំលំមេដឹកនាំ Saddam Hussein ក្នុងឆ្នាំ២០០៣ ត្រូវបានកត់ត្រាចំនួនអ្នកទៅបោះឆ្នោតទាបត្រឹមតែ ៤១% ប៉ុណ្ណោះ។

យោងតាមលទ្ធផលបឋមពីគណៈកម្មការរៀបចំការបោះឆ្នោត អ្នកទទួលបានការគាំទ្រច្រើនបំផុតគឺទំនងបានទៅលើចលនាមេដឹកនាំសាសនា និងអ្នកនយោបាយឯករាជលោក Muqtada al-Sadr ដែលបានបង្កើនអាសនៈរបស់ខ្លួនដល់ ៧៣ ក្នុងចំណោមអាសនៈសរុបចំនួន ៣២៩ របស់សភា។ ក្រុមកងជីវពលគាំទ្រដោយអ៊ីរ៉ង់បានច្រានចោលលទ្ធផលនេះកាលពីថ្ងៃអង្គារ បន្ទាប់ពីបញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់ពួកគេដែលត្រូវបានគេស្គាល់ថា សម្ព័ន្ធហ្វាតា (Fatah Alliance) បានមើលឃើញអាសនៈសភារបស់ខ្លួនធ្លាក់ចុះពីចំនួន ៤៨ មកនៅត្រឹមចន្លោះពី ១២ ទៅ ១៤អាសនៈ៕
អត្ថបទ៖ សុខមាន