លោក Georgy Zinovyev ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងសេអ៊ូល បាននិយាយថា ប្រទេសរុស្ស៊ី និងកូរ៉េខាងត្បូង នៅតែអាចស្តារទំនាក់ទំនងអតីតកាលរបស់ពួកគេ ឡើងវិញបាន។
លោកបានរំលឹកថា បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេស ទីក្រុងសេអ៊ូល បានចូលរួមជាមួយទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងរុស្ស៊ី ហើយត្រូវបានបញ្ចូលទៅក្នុងបញ្ជីប្រទេសអមិត្តរបស់រុស្ស៊ី។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Chosun Ilbo ប្រចាំថ្ងៃថា៖«ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនបាត់បង់ក្តីសង្ឃឹមទេថា ទោះបីជាមានបញ្ហាជាក់ស្តែងក៏ដោយ យើងនឹងអាចធ្វើឲ្យទំនាក់ទំនងរបស់យើងវិលត្រឡប់ទៅរកផ្លូវនៃការអភិវឌ្ឍដែលមានសុខភាពល្អ នាពេលអនាគត»។
អ្នកការទូតរុស្ស៊ីរូបនេះ បាននិយាយថា នៅក្នុងបរិបទនេះ ការសន្ទនារបស់យើងជាមួយទីក្រុងសេអ៊ូលខុសពីស្ថានភាពក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេសលោកខាងលិច ដែលការរំពឹងទុកបែបនេះ មិនត្រូវបានគេមើលឃើញទាល់តែសោះ។ ខ្ញុំគិតថា វាមានសារៈសំខាន់សម្រាប់ពួកយើង ក្នុងការសង្គ្រោះទំនាក់ទំនងទ្វេភាគីរបស់យើងពីការដួលរលំទាំងស្រុង ដូចជានៅក្នុងទំនាក់ទំនងរបស់យើងជាមួយនឹងបណ្តា ប្រទេសលោកខាងលិច។
ទីក្រុងមូស្គូ បានព្រមានមុននេះថា ការផ្គត់ផ្គង់អាវុធដែលអាចបង្កឲ្យគ្រោះថ្នាក់របស់កូរ៉េខាងត្បូង ដល់អ៊ុយក្រែន នឹងបំផ្លាញទំនាក់ទំនងទ្វេភាគី។ រហូតមកទល់ពេលនេះ កូរ៉េខាងត្បូង បាននិងកំពុងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងមនុស្សធម៌ ដល់ទីក្រុងគីវ ព្រមទាំងទំនិញយោធាដែលមិនមានគ្រោះថ្នាក់ដល់ជីវិត។

