យ៉ាងហោចណាស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ១៤៦នាក់ បានចុះនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធ (ទី២៤ ខែតុលា) ខណៈដែលការទៅដល់នៃសមាជិករបស់ជនជាតិភាគតិចដែលរងការធ្វើទុក្ខបុកម្នេញ កើនឡើងជាថ្មី ដោយសារស្ថានភាពទឹកសមុទ្រចាប់ផ្ដើមស្ងប់ស្ងាត់។
ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើន ត្រូវបានធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងក្លា នៅសហភាពមីយ៉ាន់ម៉ា ហើយរាប់ពាន់នាក់ប្រថុយជីវិតជារៀងរាល់ឆ្នាំធ្វើដំណើរតាមសមុទ្រដ៏វែងអន្លាយ និងប្រកបដោយគ្រោះថ្នាក់ ដើម្បីបានទៅដល់ប្រទេសម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី។
មន្ត្រីមូលដ្ឋាន លោក Muhammad Faisal Nasution បានប្រាប់សារព័ត៌មាន AFP ថា ទូកដែលបានដឹកបុរស ៦៤នាក់ ស្ត្រី ៦២នាក់ និងកុមារ ២០នាក់ បានចូលចតនៅទីក្រុង Pantai Labu ក្នុងខេត្តស៊ូម៉ាត្រាខាងជើង។ ជនភៀសខ្លួនទាំងនោះ ត្រូវបាននាំទៅកាន់ទីជម្រកបណ្ដោះអាសន្ន នៅការិយាល័យស្រុកមួយ ជាទីដែលពួកគេនឹងរង់ចាំការបញ្ចូនទៅកន្លែងផ្សេង។
លោក Nasution បាននិយាយថា៖ «ភាគច្រើននៃជនភៀសខ្លួនទាំងនោះ ជាពិសេសកុមារមើលទៅមានអាការស្រេកឃ្លាន ហើយគ្មានសម្លៀកបំពាក់សមរម្យ។ អ្នកស្រុកបានផ្តល់សម្លៀកបំពាក់ដល់ពួកគេ។ ហើយសហគមន៍មូលដ្ឋានក៏បានផ្តល់អាហារផ្សេងៗ ដូចជាស៊ុត និងអង្ករជាដើម។
លោកបានបន្ថែមថា ពួកគេកំពុងរង់ចាំការណែនាំបន្ថែមពីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ជុំវិញការផ្លាស់ទីកន្លែងរបស់ពួកគេ។ សហការីផ្នែកការពារ សម្រាប់ UNHCR នៅឥណ្ឌូនេស៊ី លោក Faisal Rahman បាននិយាយថា ក្រុមមួយកំពុងស្ថិតនៅទីនើ ដើម្បីជួយជនភៀសខ្លួនទាំងអស់នោះ។
ឥណ្ឌូនេស៊ីមិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិទេ ហើយនិយាយថា ខ្លួនមិនអាចត្រូវបានបង្ខំឲ្យទទួលយកជនភៀសខ្លួនពីសហភាពមីយ៉ាន់ម៉ានោះទេ ដោយជំនួសវិញ បានអំពាវនាវឲ្យប្រទេសជិតខាងជួយចែករំលែកបន្ទុកនេះ និងទទួលយកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលទៅដល់ច្រាំងសមុទ្ររបស់ខ្លួន៕

