នៅថ្ងៃព្រហស្បតិ៍នេះ សភារុស្ស៊ី បានបោះឆ្នោត ដើម្បីផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងភាពជាដៃគូរវាងរុស្ស៊ី និងកូរ៉េខាងជើង ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយនៅថ្ងៃនេះថា កិច្ចព្រមព្រៀងដែលលោកបានចុះហត្ថលេខាជាមួយលោក Kim Jong Un អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែមិថុនា រួមមានទាំងប្រការជួយគ្នាក្នុងគ្រាក្រ ដើម្បីជួយរុញច្រានការឈ្លានពានពីខាងក្រៅ ។
រុស្ស៊ី និងកូរ៉េខាងជើង បានពង្រឹកកិច្ចសហប្រតិបត្តិការ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែន ក្នុងនោះកូរ៉េខាងត្បូង និងអ៊ុយក្រែន និយាយថា ទាហានកូរ៉េខាងជើងត្រៀមខ្លួនដាក់ពង្រាយ ដើម្បីគាំទ្ររុស្ស៊ី ។
ពេលបង្ហាញកិច្ចព្រមព្រៀងដល់សមាជិកសភារុស្ស៊ី លោក Yury Rudenko គឺជាអនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី និយាយថា ឯកសារនេះ មានលក្ខណៈការពារជាតិ និងសន្តិភាព ហើយវាត្រូវបានអនុម័តឡើង ដើម្បីទប់ទល់ជាមួយនឹងការពង្រីកយោធារបស់លោកខាងលិច និងសហរដ្ឋអាមេរិក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
លោក Rudenko និងប្រធានសភារុស្ស៊ីលោក Vyacheslav Volodin បានកោតសរសើរដល់កូរ៉េខាងជើងសម្រាប់ការគាំទ្រប្រតិបត្តិការពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ក៏ដូចជាបញ្ចូលតំបន់ជាច្រើនរបស់អ៊ុយក្រែនជាឧបសម្ព័ន្ធរបស់រុស្ស៊ី ។
ការបោះឆ្នោតនៅសភារុស្ស៊ីនេះដែរ បានកើតឡើង ស្របពេលមានការព្យាករណ៍ថា កូរ៉េខាងជើងបានបញ្ជូនទាហានរបស់ខ្លួន ដើម្បីចូលរួមច្បាំងកងកម្លាំងអ៊ុយក្រែន ជាមួយសម្ព័ន្ធមិត្តរុស្ស៊ីរបស់ទីក្រុងព្យុងយ៉ាង ៕


