បាល់ទាត់៖ ខ្សែការពារក្រុមបិសាចក្រហម Manchester United, Raphael Varane នឹងត្រូវអវត្តមានពី ២ ទៅ ៣សប្តាហ៍បន្ទាប់ពីរងរបួសអំឡុងការប្រកួតឱ្យក្រុមជំរើសជាតិបារាំង។ កីឡាករវ័យ ២៨ឆ្នាំរូបនេះត្រូវបានសែងចេញពីទីលាន អំឡុងការប្រកួតដែលបារាំងយកឈ្នះអេស្ប៉ាញលើកពាន UEFA Nations League កាលពីថ្ងៃអាទិត្យ។

អតីតខ្សែការពារ Real Madrid រូបនេះបានបង្ហាញខ្លួនឱ្យក្រុមថ្មី Manchester United ចំនួន ៦ប្រកួតតាំងពីការមកដល់ Old Trafford កាលពីខែសីហា។ ក្រុមរបស់លោក Ole Gunnar Solskjaer កំពុងអវត្តមានខ្សែការពារកណ្តាលរបស់ខ្លួនម្នាក់រួចទៅហើយគឺ Harry Maguire។ Manchester United នឹងត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះ Leicester City ថ្ងៃសៅរ៍ចុងសប្តាហ៍នេះនៅក្របខណ្ឌ English Premier League។ ជាមួយគ្នានោះដែរ Manchester United ក៏នឹងត្រូវជួបក្រុមខ្លាំងៗជាច្រើនបន្ទាប់ពី Leicester City នៅថ្ងៃសៅរ៍នេះដែលរួមមាន Liverpool, Tottenham Hotspur, Manchester City និង Atalanta ផងដែរនៅ UEFA Champions League៕
អត្ថបទ៖នាង សុភាវុធ