ប្រទេសប៊ុលហ្គារី នឹងរៀបចំការបោះឆ្នោតមុនអាណត្តិជាលើកតី៧ នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ខណៈដែលនេះជាការទម្លាក់សន្លឹកឆ្នោតទៅក្នុងធុងជាថ្មីម្ដងទៀតរបស់ប្រជាជននៃប្រទេសនេះ ក្នុងរយៈពេលត្រឹមតែ ៤ឆ្នាំ ដោយសារតែបណ្ដាគណបក្សនយោបាយដែលមានការបាក់បែក ពិបាកក្នុងការបង្កើតរដ្ឋាភិបាលចម្រុះដែលមានស្ថិរភាពមួយ ហើយអ្នកបោះឆ្នោតកាន់តែច្រើនឡើងៗ មានភាពព្រងើយកន្តើយ ចំពោះលទ្ធផលនេះ។
ក្នុងនាមជាសមាជិកក្រីក្របំផុតរបស់សហភាពអឺរ៉ុប និងជារដ្ឋពុករលួយបំផុតមួយ ប៊ុលហ្គារីត្រូវបានញាំញីដោយការផ្លាស់ប្ដូររដ្ឋាភិបាលជាញឹកញាប់ គិតចាប់តាំងពីការតវ៉ាប្រឆាំងអំពើពុករលួយក្នុងឆ្នាំ២០២០ បាននាំឲ្យមានការដួលរំលំរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សកណ្តាលស្តាំនិយម GERB។
ការស្ទង់មតិចុងក្រោយបំផុតដែលបានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែតុលា) បានបង្ហាញលទ្ធផលដូចគ្នាច្រើន នោះគឺមិនមានអ្នកឈ្នះច្បាស់លាស់ និងមិនមានជម្រើសជាក់ស្តែង ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះនោះឡើយ។ ចំនួនអ្នកទៅបោះឆ្នោត ដែលត្រូវបានដឹងប្រហែល ៣០ភាគរយ ត្រូវបានគេរំពឹងថា គឺជាកម្រិតទាបបំផុត គិតចាប់តាំងពីការដួលរលំនៃលទ្ធិកុម្មុយនីស្ត។
ការបោះឆ្នោតនឹងបញ្ចប់នៅម៉ោង ៨យប់ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៨ ម៉ោងសកល) ដោយការស្ទង់មតិលើអ្នកចេញពីកន្លែងបោះឆ្នោត គ្រោងនឹងមាននៅក្នុងរង្វង់ពេលនោះ។ ហើយលទ្ធផលចុងក្រោយនឹងចេញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ៕

