ប្រទេសតំបន់អាស៊ីអាគ្នេយ៍ចំនួន៤ រួមមាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម និងថៃ បានក្លាយជាប្រទេសដៃគូរបស់ BRICS ជាក្រុមនៃប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើនដែលត្រូវបានគេមើលឃើញថា ជាក្រុមប្រទេសមានឥទ្ធិពលគ្រប់គ្រាន់ ក្នុងការទប់ទល់ជាមួយលោកខាងលិច។
តាមរយៈការបង្ហោះនៅលើបណ្ដាញ X (ពីមុនជា Twitter) កាលពីថ្ងៃពុធ (ទី២៤ ខែតុលា) គណនី @BRICSIinfo បានឲ្យដឹងថា ប្រទេសចំនួន១៣ ត្រូវបានបញ្ចូលទៅក្នុងសម្ព័ន្ធភាព ជាប្រទេសដៃគូ។ ហើយប្រទេសចំនួន ៩ផ្សេងទៀត គឺអាល់ហ្សេរី បេឡារុស បូលីវី គុយបា កាហ្សាក់ស្ថាន នីហ្សេរីយ៉ា ទួរគី អ៊ូហ្គង់ដា និងអ៊ូសបេគីស្ថាន។
យ៉ាងណាក្ដី ប្រទេសទាំងអស់នោះ មិនមែនជាសមាជិកសិទ្ធិនោះឡើយនៅក្នុងប្លុកដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ និងដែលដើមឡើយ មានតែប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន។ អាហ្រ្វិកខាងត្បូង បានចូលរួមនៅឆ្នាំ២០១០ ខណៈដែលអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម បានក្លាយជាសមាជិក BRICS នៅឆ្នាំនេះ។
គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់សមាជិកនៃក្រុមនេះ តំណាងឲ្យទំហំទឹកប្រាក់ជាង ២៨,៥សេនកោដិដុល្លារ ឬប្រហែល ២៨ភាគរយនៃសេដ្ឋកិច្ចពិភពលោក។ នាពេលនេះ កិច្ចប្រជុំកំពូល BRICS ប្រចាំឆ្នាំ ប្រព្រឹត្តទៅនៅទីក្រុង Kazan ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា៕

