ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក Mahmoud Abbas បាននិយាយប្រាប់កិច្ចប្រជុំកំពូលក្រុមប្រទេសសេដ្ឋកិច្ច BRICS នៅក្នុងប្រទេសរុស្ស៊ីនាថ្ងៃព្រហស្បតិ៍នេះថា មាននូវតម្រូវការបន្ទាន់ ដើម្បីអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គកាសហប្រជាជាតិ(UN)សម្រាប់បទឈប់បាញ់ភ្លាមៗ ការចូលដល់ជំនួយមនុស្សធម៌ និងការដកកងទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សាស្រ្ទីប ។
លោកនិយាយថា ជនប៉ាឡេស្ទីនពឹងផ្អែកទាំងស្រុងលើក្រុមប្រទេស BRICS ដែលមានឥទ្ធិពល និងកម្លាំងគ្មានគូប្រៀបសម្រាប់ការបង្កើតគ្រឹះនៃសន្តិភាព និងសន្តិសុខអន្តរជាតិ ។
ក្រុមមេដឹកនាំពិភពលោក ក្រុមមន្រ្តីជាន់ខ្ពស់ និងក្រុមតំណាងប្រទេសចូលរួមកិច្ចប្រជុំកំពូល BRICS បានជួបជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់ថ្ងៃចុងក្រោយនៃជំនួបរៀបចំឡើងនៅក្នុងទីក្រុង Kazan ប្រទេសរុស្ស៊ី ។
វេទិកាការទូតមួយនេះ ត្រូវបានបង្កើតឡើងកាលពីរយៈពេល ១៥ឆ្នាំមុនដោយប្រទេសទីផ្សារលេចធ្លោប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ហើយចាប់តាំងពីពេលនោះមក វាបានពង្រីកខ្លួន រួមបញ្ចូលទាំងអាហ្វ្រិកខាងត្បូអ អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម ៕


