គប់ព្រួញ៖ កីឡាករសញ្ជាតិវែល Jonny Clayton បានក្លាយជាជើងឯកការប្រកួតកីឡាគប់ព្រួញជើងឯកពិភពលោក Dart World Grand Prix ក្រោយយកឈ្នះអ្នកការពារជើងឯក Gerwyn Price នៅវគ្គផ្តាច់ព្រ័ត្រ។

កីឡាករលំដាប់លេខ១ ពិភពលោក Gerwyn Price ចាប់ផ្តើមការប្រកួតបានល្អជាងដោយបានយកឈ្នះសិតដំបូង។ យ៉ាងណាក្តីមិត្តរួមជាតិវែល Jonny Clayton បានយកឈ្នះ ៥សិតផ្ទួនៗដោយក្នុងមួយសិតពិន្ទុជាមធ្យម ៩៤.៤៤។ ការប្រកួតដែលរៀបចំនៅទីក្រុង Leicester ចក្រភពអង់គ្លេស Jonny Clayton ដែលជាជើងឯកទទួលបានប្រាក់រង្វាន់ ១០ម៉ឺនផោន និងបានធ្វើឱ្យហក់ឡើងមកលំដាប់ Top10 ជាលើកដំបូងក្នុងតារាងចំណាត់ថ្នាក់ពិភពលោក បន្ទាប់ពីចំណាត់ថ្នាក់ចាស់គឺលេខ១៤។ ចំណែក Gerwyn Price ជាជើងឯករងទទួលបានប្រាក់រង្វាន់ ៥ម៉ឺនផោន។ សូមបញ្ជាក់ថា ការប្រកួតកីឡាគប់ព្រួញ World Grand Prix នេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៨៕
អត្ថបទ៖នាង សុភាវុធ