អ្នកបោះឆ្នោតរបស់ប្រទេសជប៉ុន អាចបញ្ចប់ការគ្រប់គ្រងអំណាចជាងមួយទសវត្សរ៍របស់គណបក្សប្រជាធិបតេយ្យសេរី (LDP) នៅថ្ងៃអាទិត្យ (២៧ តុលា) ខាងមុខនេះ ដោយបង្ខំឱ្យគណបក្សមួយនេះចូលទៅក្នុងកិច្ចព្រមព្រៀងចែករំលែកអំណាច ដែលអាចប៉ះពាល់ដល់ថ្នាក់ដឹកនាំរបស់ប្រទេស។

ការបោះឆ្នោតសកល ២៧ តុលា របស់ជប៉ុន ខិតកាន់តែជិត ដែលមានរយៈពេល ៩ថ្ងៃប៉ុណ្ណោះមុនពេលដែលសហរដ្ឋអាមេរិក ជ្រើសរើសប្រធានាធិបតីថ្មី ហើយបានបន្ថែមភាពមិនច្បាស់លាស់ចំពោះទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលមានភាពច្របូកច្របល់រួចទៅហើយនេះ ខណៈរដ្ឋាភិបាលទីក្រុងតូក្យូ ប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប្រទេសចិនជិតខាង និងអតិផរណាបានរួបរឹតពលរដ្ឋជប៉ុន។

បក្ស LDP អភិរក្សនិយមរបស់លោកនាយករដ្ឋមន្ត្រី ស៊ីហ្កេរុ អ៊ីស៊ីបា (Shigeru Ishiba) ដែលបានដឹកនាំរដ្ឋាភិបាលស្ទើរតែទាំងអស់នៃសម័យក្រោយសង្គ្រាម មានសំឡេងភាគច្រើននៅក្នុងសភាជាន់ទាបចាប់តាំងពីឆ្នាំ២០១២ ដោយបានកាន់អំណាចជាមួយដៃគូចម្រុះ កូម៉ីតូ (Komeito) ប៉ុន្តែការមិនសប្បាយចិត្តចំពោះរឿងអាស្រូវមូលនិធិនយោបាយរបស់បក្ស LDP និងកំណើនថ្លៃចំណាយប្រចាំថ្ងៃក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់ពិភពលោកមួយនេះ បានគំរាមកំហែងដល់គណបក្សកាន់អំណាច។

ការស្ទង់មតិនៅក្នុងសារព័ត៌មាន អាសាហ៊ី (Asahi) កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានបង្ហាញថា គណបក្ស LDP អាចបាត់បង់អាសនៈចំនួន៥០ ក្នុងចំណោម ២៤៧អាសនៈរបស់ខ្លួននៅក្នុងសភាជាន់ទាប ហើយបក្ស Komeito អាចធ្លាក់ចុះមកតិចជាង ៣០អាសនៈ ដោយដាក់ក្រុមចម្រុះកាន់អំណាចមួយនេះនៅក្រោមតួលេខ ២៣៣អាសនៈ ដែលត្រូវការសម្រាប់សំឡេងភាគច្រើន៕