អតីតប្រធានាធិបតីលោក Donald Trump បានរៀបចំព្រឹត្តិការណ៍ជួបជុំក្រុមអ្នកគាំទ្ររបស់ខ្លួន នៅ ទីក្រុង ធេមភី (Tempe) រដ្ឋ Arizona ហើយក្រោយមកនៅទីក្រុង Las Vegas កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

ទន្ទឹមនឹងនេះដែរ អនុប្រធានាធិបតីលោកស្រី Kamala Harris នៅយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានរៀបចំការប្រមូលផ្ដុំក្រុមអ្នកគាំទ្ររបស់ខ្លួនផងដែរ នៅជាយក្រុង Atlanta រួមជាមួយវត្តមានរបស់អតីតប្រធានាធិបតី Barack Obama និងតន្ត្រីករ លោក ប្រ៊ូស ស្ព្រីងស្ទីន(Bruce Springsteen) ក្នុងចំណោមអ្នកផ្សេងទៀត។លោកស្រី Harris និយាយថាលោក Trump ស្វែងរកអំណាចដែលគ្មានការត្រួតពិនិត្យ។

នៅឯបរិវេណនៃសាកលវិទ្យាល័យរដ្ឋ Arizona លោក Donald Trump បានរិះគន់លើលោក Joe Biden ដោយនិយាយថា វាជារឿងឆោតល្ងង់របស់ប្រធានាធិបតីបក្សប្រជាធិបតេយ្យដែលនិយាយថាលោកTrump គួរតែត្រូវបានចាប់ខ្លួន។លោកTrumpបានហៅលោកBiden និងលោកស្រីHarrisថាជាបុគ្គលនាំភាពអាម៉ាស់ដល់ប្រទេសនេះ ខណៈលោកកំពុងព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតនៅរដ្ឋ Arizona។
លោក Biden បាននិយាយកាលពីថ្ងៃអង្គារថា លោក Trump គឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ហើយគួរតែត្រូវបានចាប់ខ្លួនដោយនយោបាយ។ លោក Trump និយាយថា ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះលោកស្រី Kamala Harris គឺជាមេដឹកនាំអន់បំផុតក្នុងចំណោមមេដឹកនាំទាំងអស់ក្នុងប្រវត្តិសាស្ត្រអាមេរិករបស់យើង។ចំណែកលោកស្រី Kamala Harris វិញបាននិយាយថា គូប្រជែងខាងគណបក្សសាធារណរដ្ឋលោកDonald Trump គឺជាបុគ្គលខ្ជិលច្រអូស ហើយថាប្រសិនបើជាប់ឆ្នោត នឹងរៀបចំផែនការសងសឹកប្រឆាំងនឹងគូប្រជែងរបស់លោក។ បេក្ខភាពទាំងពីរបានវាយប្រហារដោយពាក្យសម្ដីយ៉ាងខ្លាំងក្ដៅគគុកទៅលើគ្នាទៅវិញទៅមក ខណៈការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញដណ្ដើមកៅអីសេតវិមានឈានចូលដល់ដំណាក់កាលចុងក្រោយ៕