ក្រសួងយុត្តិធម៌អាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៤ តុលា) ថា ក្រុមហ៊ុនដែលជាម្ចាស់ និងប្រតិបត្តិករនៃកប៉ាល់ដឹកទំនិញ ដាលី (Dali) ដែលបានបុកស្ពាន ហ្វ្រង់ស៊ីស ស្កុតឃី (Francis Scott Key) របស់ទីក្រុងបាល់ទីម័រ (Baltimore) កាលពីខែមីនា និងធ្វើឱ្យមនុស្ស ៦នាក់ស្លាប់ បានយល់ព្រមបង់ប្រាក់ចំនួន ១០២លានដុល្លារដល់រដ្ឋាភិបាលសហព័ន្ធ។

នៅក្នុងខែកញ្ញា ក្រសួងបានដាក់បណ្ដឹងរដ្ឋប្បវេណីដើម្បីទាមទារសំណង ១០៣លានដុល្លារ ពីក្រុមហ៊ុនសិង្ហបុរីចំនួនពីរគឺ ហ្រ្គេស អូស្ហ៊ិន ប្រាយវ៉េត លីមីធីត (Grace Ocean Private Limited) និង ស៊ីនើជី ម៉ារីន ប្រាយវ៉េត លីមីធីត (Synergy Marine Private Limited)។

ការទាមទារនេះមានគោលបំណងទូទាត់ប្រាក់ដែលរដ្ឋាភិបាលអាមេរិក ចំណាយក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការបោសសម្អាតកម្ទេចកម្ទីរបស់កប៉ាល់ Dali និងបំណែកស្ពានពីកំពង់ផែ Baltimore ដើម្បីឱ្យផ្លូវទឹកបើកឡើងវិញក្នុងខែមិថុនា។

អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក បេនចាមីន មីហ្សើ (Benjamin Mizer) បាននិយាយថា ដំណោះស្រាយនេះ “ធានាថាការចំណាយនៃកិច្ចប្រឹងប្រែងសម្អាតរបស់រដ្ឋាភិបាលសហព័ន្ធនៅក្នុងផ្លូវទឹក ហ្វត មែកហិនរី (Fort McHenry) ត្រូវបានបង់ដោយក្រុមហ៊ុនគ្រប់គ្រងនាវានោះ ហើយមិនមែនជាអ្នកបង់ពន្ធអាមេរិកទេ”។
គួររម្លឹកថា នាវា Dali បានបាត់បង់ថាមពលអគ្គិសនីជាច្រើនដង ហើយបានបុកស្ពាននៅក្នុងទន្លេ ផាថាបស្កូ (Patapsco) នៅព្រឹកព្រលឹមថ្ងៃទី២៦ ខែមីនា។ រដ្ឋ Maryland ប៉ាន់ប្រមាណថានឹងត្រូវចំណាយប្រាក់ពី ១,៧ពាន់លានដុល្លារទៅ ១,៩ពាន់លានដុល្លារ ដើម្បីសាងសង់ស្ពាននេះឡើងវិញ ហើយរំពឹងថានឹងបញ្ចប់នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៨៕