ប្រទេសកាណាដា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងទប់ស្កាត់យ៉ាងខ្លាំងចំពោះគោលដៅការធ្វើអន្តោប្រវេសន៍ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី «ផ្អាក» ការកើនឡើងចំនួនប្រជាជន ជាការប្រែប្រួល ដែលធ្វើឡើងក្នុងពេលការគាំទ្រជាសាធារណៈចំពោះការធ្វើអន្តោប្រវេសន៍ បានធ្លាក់ចុះ។

នេះជាការបង្ហាញចំណុចសំខាន់មួយសម្រាប់ប្រទេសដែលមានកេរ្តិ៍ឈ្មោះជាយូរអង្វែង ជាគោលដៅសម្រាប់ជនអន្តោប្រវេសន៍ រួមទាំងជនអន្តោប្រវេសន៍មកពីប្រទេសកំពុងអភិវឌ្ឍន៍ ដែលស្វែងរកលក្ខខណ្ឌរស់នៅកាន់តែប្រសើរ។

ទីភ្នាក់ងារស្ថិតិជាតិ បាននិយាយថា ចំនួនប្រជាជនរបស់ប្រទេសកាណាដា បានកើនឡើង ៣,២ភាគរយពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ ជាការកើនឡើងប្រចាំឆ្នាំច្រើនបំផុត ចាប់តាំងពីឆ្នាំ១៩៥៧មក ហើយបច្ចុប្បន្ននេះមានចំនួនប្រជាជន៤១ លាននាក់។ ការកើនឡើង ត្រូវបានជំរុញមួយផ្នែកដោយរលកនៃការមកដល់ថ្មីនៃជនអន្តោប្រវេសន៍។
ដោយប្រកាសពីការទប់ស្កាត់ នាយករដ្ឋមន្ត្រី លោក Justin Trudeau បាននិយាយថា លំហូរចូល បានជួយដល់សេដ្ឋកិច្ចប្រទេសកាណាដាឲ្យងើបឡើងវិញពីការរំខានបណ្តាលមកពីជំងឺរាតត្បាត Covid-19 ដោយធានាបានការផ្គត់ផ្គង់ផ្នែកកម្លាំងពលកម្មដ៏រឹងមាំ។
លោក Trudeau និយាយថា ពេលនេះ យើងកំពុងប្រកាសថា យើងនឹងកាត់បន្ថយចំនួនជនអន្តោរប្រវេសន៍ ដែលយើងនឹងអនុញ្ញាឲ្យចូលមកក្នុងរយៈពេល៣ឆ្នាំខាងមុខ ជាការផ្អាកការកើនឡើងចំនួនប្រជាជនក្នុងរយៈពេល២ ឆ្នាំខាងមុខ។ ប្រទេសកាណាដា ចាំបាច់ត្រូវធ្វើឱ្យមានស្ថិរភាពចំនួនប្រជាជនរបស់ខ្លួន ដើម្បីផ្តល់ «ពេលវេលារបស់រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីតាមទាន់ពេលវេលាធ្វើការវិនិយោគដ៏ចាំបាច់ក្នុងការថែទាំសុខភាព ផ្នែកលំនៅឋាន និងក្នុងសេវាសង្គម ដើម្បីជួយដល់ប្រជាជនកាន់តែច្រើន នៅពេលអនាគត។