ការផ្គត់ផ្គង់អាហារទាន់ចិត្តនៅសហរដ្ឋអាមេរិក កំពុងដកខ្ទឹមបារាំងស្រស់ចេញពីបញ្ជីមុខម្ហូប កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបន្លែនេះ ត្រូវបានគេកំណត់ថា ទំនងជាប្រភពនៃការផ្ទុះឡើងវីរុស E. coli នៅភោជនីយដ្ឋាន McDonald's បណ្តាលឲ្យមនុស្ស៤៩នាក់ ធ្លាក់ខ្លួននឈឺ និងម្នាក់ស្លាប់។
ភោជនីយដ្ឋានប្រេនអន្តរជាតិ(Restaurant Brands International) ជាក្រុមហ៊ុនមេនៃគូប្រេជែងរបស់ក្រុមហ៊ុន McDonald's មាន Burger King និង Yum Brands បាននិយាយថា ពួកគេកំពុងដកបន្លែខ្ទឹមបារាំងស្រស់ចេញពីបញ្ជីមុខម្ហូប។

អ្នកនាំពាក្យរបស់ Burger King និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រហែល ៥ ភាគរយនៃទីតាំងរបស់ Burger King បានដកខ្ទឹមបារាំងចេញពីបញ្ជីមុខម្ហូប។
ក្រុមហ៊ុន McDonald's និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Taylor Farms គឺជាក្រុមហ៊ុនផ្គត់ផ្គង់ខ្ទឹមបារាំងចិតរួច ត្រូវបានដកចេញពីបញ្ជី។
ក្រុមហ៊ុន Taylor Farms ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ប៉ុន្តែក្រុមហ៊ុន បានប្រមូលមកវិញនូវខ្ទឹមបារាំងពណ៌លឿងជាច្រើន នេះបើយោងតាម US Foods ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មម្ហូបអាហារ ធំបំផុតមួយរបស់សហរដ្ឋអាមេរិក។

រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Taylor Farms គឺជាក្រុមហ៊ុនផ្គត់ផ្គង់នៅតាមទីតាំងរបស់ក្រុមហ៊ុន McDonald's ដែលរងផលប៉ះពាល់ ហើយក្រុមហ៊ុនបានផ្តួចផ្តើមគំនិតក្នុងការប្រមូលខ្ទឹមបារាំងមកវិញ ដោយស្ម័គ្រចិត្ត។