ប្រទេសឥណ្ឌូណេស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៤ តុលា) ថាខ្លួនបានបណ្តេញនាវាឆ្មាំល្បាតឆ្នេររបស់ចិន ចេញពីដែនទឹកជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងចំនួន ២ដង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលជាវិធានការចុងក្រោយរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ប្រឆាំងនឹងសកម្មភាពរបស់ទីក្រុងប៉េកាំង ក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។

នាវាចិន ម្តងម្កាលបានចូលទៅក្នុងដែនទឹកដែលអះអាងសិទ្ធិដោយឥណ្ឌូនេស៊ី នៃសមុទ្រ ណាធូណាខាងជើង (Natuna) នៅចុងភាគខាងត្បូងនៃសមុទ្រចិនខាងត្បូង ដោយទាក់ទាញការតវ៉ាពីទីក្រុងហ្សាកាតា។ ទីភ្នាក់ងារសន្តិសុខដែនសមុទ្រឥណ្ឌូណេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា “នាវាឆ្មាំល្បាតឆ្នេរចិន បានចូលដែនយុត្តាធិការរបស់ឥណ្ឌូនេស៊ីម្តងទៀតនៅក្នុងសមុទ្រ ណាធូណាខាងជើងកាលពីថ្ងៃពុធ”។

ឆ្មាំល្បាតឆ្នេរឥណ្ឌូណេស៊ីបានស្ទាក់នាវានោះ ហើយបានបណ្ដេញចេញពីដែនទឹក ដោយបន្ថែមថា នាវាចិនដដែលនេះបានចូលទៅក្នុងដែនទឹកជម្លោះជាលើកដំបូងកាលពីថ្ងៃចន្ទ ហើយនៅពេលនាវាឥណ្ឌូនេស៊ីព្យាយាមទាក់ទងទៅតាមវិទ្យុ ឆ្មាំល្បាតឆ្នេរចិនប្រាប់ថា តំបន់នេះគឺជាផ្នែកមួយនៃយុត្តាធិការរបស់ទីក្រុងប៉េកាំង។

ឧប្បត្តិហេតុនេះគឺជាការសាកល្បងដំបូងសម្រាប់ប្រធានាធិបតីទើបចូលកាន់តំណែងថ្មី លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ដែលបានសន្យាពង្រឹងការការពារទឹកដីឥណ្ឌូនេស៊ី។ ទីក្រុងប៉េកាំង និងទីក្រុងហ្សាកាតា គឺជាសម្ព័ន្ធមិត្តសេដ្ឋកិច្ចដ៏សំខាន់ ប៉ុន្តែប្រទេសប្រជុំកោះដ៏ធំបំផុតរបស់ពិភពលោកមួយនេះកំពុងព្យាយាមបញ្ឈប់នាវាបរទេសពីការនេសាទនៅក្នុងដែនទឹករបស់ខ្លួន ដោយនិយាយថាវាធ្វើឱ្យខាតបង់សេដ្ឋកិច្ចឥណ្ឌូនេស៊ីរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ៕