យោធារបស់កោះតៃវ៉ាន់ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតពេលយប់នៅលើកោះ ផឹងហ៊ូ (Penghu) នៅថ្ងៃព្រហស្បតិ៍ (២៤ តុលា) ជាទីដែលពួកគេបានអនុវត្តការវាយបកលើការវាយប្រហារពីសមុទ្រ ខណៈភាពតានតឹងទូទាំងច្រកសមុទ្រតៃវ៉ាន់ដ៏រសើប កាន់តែក្ដៅគគុក បន្ទាប់ពីហ្គេមសង្រ្គាមរបស់ប្រទេសចិន កាលពីពេលថ្មីៗនេះ។

កោះ Penghu គឺជាទីតាំងរបស់កងទ័ពជើងទឹក និងមូលដ្ឋានទ័ពអាកាសដ៏សំខាន់ ដែលយន្តហោះចម្បាំងរបស់កងកម្លាំងទ័ពអាកាសតៃវ៉ាន់ ឧស្សាហ៍ឃ្លាំមើលយន្តហោះយោធា និងនាវាចម្បាំងរបស់ទីក្រុងប៉េកាំង ដែលប្រតិបត្តិការជុំវិញកោះស្វ័យគ្រប់គ្រងមួយនេះ។

សមយុទ្ធនៅតៃវ៉ាន់នេះគឺជាផ្នែកមួយនៃសមយុទ្ធ ឈិនជាំង (Chen Chiang) ប្រចាំឆ្នាំ ដែលធ្វើឡើងបន្ទាប់ពីប្រទេសចិន កាលពីដើមសប្តាហ៍នេះ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជុំវិញកោះ នីវសាន (Niushan) ក្នុងខេត្ត ហ្វ៊ូជាន (Fujian) ដែលស្ថិតនៅភាគខាងត្បូងនៃប្រជុំកោះ ម៉ាត់ស៊ូ (Matsu) ដែលតៃវ៉ាន់ គ្រប់គ្រង។

កោះតៃវ៉ាន់ ក្នុងប៉ុន្មានឆ្នាំមកនេះ បានត្អូញត្អែរពីកំណើនសកម្មភាពយោធារបស់ប្រទេសចិន ដែលកាលពីសប្តាហ៍មុនក៏បានធ្វើហ្គេមសង្រ្គាមរយៈពេលមួយថ្ងៃផងដែរ ដែលខ្លួននិយាយថា ជាការព្រមានដល់ “ទង្វើផ្តាច់ខ្លួន” ជុំវិញកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកជាទឹកដីរបស់ខ្លួន៕