អាជ្ញាធរឥណ្ឌា បាននិយាយនៅថ្ងៃសុក្រ (២៥ តុលា) នេះថា “ព្យុះស៊ីក្លូនដ៏ធ្ងន់ធ្ងរ” បានវាយប្រហារតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់ឥណ្ឌា ដោយនាំមកនូវភ្លៀងធ្លាក់ និងខ្យល់យ៉ាងខ្លាំងក្លា បណ្ដាលឱ្យដើមឈើដួលរលំ ខូចខាតបណ្ដាញខ្សែភ្លើង និងបង្កការជន់លិចតំបន់មួយចំនួន ដោយបន្ថែមថាមិនមានអ្នកស្លាប់ ឬរបួសត្រូវបានរាយការណ៍ទេ។

ក្រសួងអាកាសធាតុបាននិយាយថា ព្យុះស៊ីក្លូន ដាណា (Dana) បានបោកបក់ដល់ដីនៅរដ្ឋ អូឌីស្ហា (Odisha) នៅពាក់កណ្តាលអធ្រាត្រ ជាមួយនឹងល្បឿនខ្យល់ពី ១០០- ទៅ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង និងល្បឿនកន្រ្តាក់ដល់ទៅ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយព្យុះដែលត្រូវបានដាក់ឈ្មោះដោយប្រទេសកាតាមួយនេះ ត្រូវបានគេរំពឹងថានឹងចុះខ្សោយនៅពេលរសៀល។

រដ្ឋ Odisha បានបិទសាលារៀន ផ្អាកជើងហោះហើរចេញ-ចូលទីក្រុង ប៊ូបានេស្វា (Bhubaneswar) របស់ខ្លួនរហូតដល់ព្រឹកថ្ងៃសុក្រ ហើយបានជម្លៀសមនុស្សជាងកន្លះលាននាក់។ ភ្លៀងធ្លាក់ខ្លាំងក៏បានបោកបក់ផ្នែកខ្លះនៃរដ្ឋ វេស បេនហ្គាល់ (West Bengal) ដែលនៅជិតខាងផងដែរ ហើយអមដោយការកើនឡើងនៃរលកទឹកសមុទ្រ បានធ្វើឱ្យតំបន់ទំនាបត្រូវលិចទឹក និងបង្កការខូចខាតដល់ដំណាំស្រូវដែលជិតរួចរាល់សម្រាប់ការប្រមូលផលនៅក្នុងវាលស្រែមួយចំនួន។

រដ្ឋ Odisha បានមើលឃើញព្យុះស៊ីក្លូនដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលក្នុងឆ្នាំ១៩៩៩ ព្យុះមួយបានបោកបក់អស់រយៈពេល ៣០ម៉ោង និងបានសម្លាប់មនុស្សប្រហែល ១០.០០០នាក់៕