
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចហាមឃាត់ការវាយកម្ទេចចាស់ៗមានតម្លៃខាងវប្បធម៌ និងប្រវត្តិសាស្ត្រនៅទូទាំងប្រទេស។
ក្នុងសារចរចេញនៅថ្ងៃម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចហាមឃាត់ការកែប្រែ ការប្ដូររូបរាងខាងក្រៅ ឬការធ្វើឱ្យខូចខាតសោភ័ណភាពនៃសំណង់នៅតំបន់បេតិកភណ្ឌទីក្រុង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឱ្យទប់ស្កាត់ការវាយកម្ទេច និងការបំផ្លិចបំផ្លាញសំណង់មានតម្លៃខាងវប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់អគារបេតិកភណ្ឌផងដែរ ដោយតម្រូវឱ្យការពារឱ្យបានគង់វង្ស។
សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យបញ្ឈប់ការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារ និងក្រៅតំបន់ការពារផងដែរ ដើម្បីជំរុញការអភិរក្ស និងអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តភាព។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ផងដែរថា ការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោលសំណង់អគារបេតិកភណ្ឌ ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីណែនាំបែបនេះ បន្ទាប់ពីមើលឃើញថា សំណង់អគារចាស់ៗដែលមានតម្លៃខាងវប្បធម៌ ប្រវត្តិសាស្ត្រ ឬបេតិកភណ្ឌ ត្រូវបានប្រឈមមុខបាត់បង់ជាបន្តបន្ទាប់នៅចំពោះមុខទំនើបកម្មសំណង់សម័យបច្ចុប្បន្ននេះ៕