អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងបណ្តេញរដ្ឋអាជ្ញាពិសេសក្រសួងយុត្តិធម៌ លោក Jack Smith ចេញពីតំណែង «ក្នុងរយៈពេលពីរវិនាទី» ប្រសិនបើលោកចូលកាន់តំណែងប្រធានាធិបតីជាថ្មី ដោយទទួលជ័យជម្នះក្នុងការបោះឆ្នោត នៅខែវិច្ឆិកា ខាងមុខនេះ។

លោក Smith បានដឹកនាំការស៊ើបអង្កេតលើការវាយប្រហារទៅលើវិមានកាពីតូលរបស់សហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំ២០២១។
លោក Trump កំពុងប្រឈមមុខទៅនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌលើករណីនេះ រួមទាំងការសមគំនិតដើម្បីក្លែងបន្លំ នៅសហរដ្ឋអាមេរិក។

លោក Trump បានរិះគន់ លោក Smith ថាជា «មនុស្សមិនស្មោះត្រង់» និងជា «មនុស្សអាក្រក់» ក្នុងអំឡុងកម្មវិធីវិទ្យុអភិរក្សនិយម កាលពីថ្ងៃព្រហស្បតិ៍។ លោក បានសន្យាថានឹងបណ្តេញរដ្ឋអាជ្ញាពិសេសរូបនេះចេញពីតំណែងភ្លាមៗ នៅពេលដែលត្រូវបានគេសួរថាតើលោកនឹងបណ្តេញលោក Smith ចេញ ឬក៏ត្រូវលើកលែងទោស ប្រសិនបើលោកត្រឡប់ចូលកាន់តំណែងជាថ្មី។
អនុប្រធានាធិបតី និងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានចេញសេចក្តីថ្លែងការណ៍ជាការឆ្លើយតប។ សេចក្តីថ្លែងការណ៍និយាយថា លោក Donald Trump គិតថាលោកនៅពីលើច្បាប់ ហើយអាណត្តិទី២ របស់លោកTrump នឹងត្រូវបានធានាថា នឹងកាន់តែមានគ្រោះថ្នាក់។